អន្តរជាតិ៖ រដ្ឋាភិបាលទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទទី២១ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍ជំទាស់ដាច់ខាត ចំពោះការដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងអាចធ្វើឲ្យក្រុមហ៊ុនចិននានាខ្ទាតចេញពីទីផ្សារភាគហ៊ុន របស់សហរដ្ឋអាមេរិក លុះត្រាតែពួកគេគោរពឲ្យបានខ្ជាប់ខ្ជួនតាមស្តង់ដាសាវនកម្មអាមេរិក។
បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២២ ខែធ្នូនេះថា លោក វ៉ាង វិនប៊ីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយយ៉ាងដូច្នេះថា៖ «នេះគឺជាសកម្មភាពមិនសមហេតុផលទាល់ តែសោះ ដែល មានគោលដៅប្រឆាំងនឹងសហគ្រាសចិនដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនអាមេរិក ក្រោមហេតុផលនយោបាយសុទ្ធសាធ»។
បន្ថែមពីនេះ អ្នកនាំពាក្យចិនរូបនេះ បន្តថា «វានឹងធ្វើឲ្យរាំងស្ទះដល់ការចុះបញ្ជីត្រឹមត្រូវធម្មតារបស់ក្រុមហ៊ុនចិន និងបង្កភាពស្រពិចស្រពិលចំពោះគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី ដែលសហរដ្ឋអាមេរិកតែងតែអួតជានិច្ច»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយ ដែលអាចនឹងធ្វើឲ្យក្រុមហ៊ុនចិនទាំងឡាយ ត្រូវដកចេញពីទីផ្សារភាគហ៊ុនអាមេរិកវិញ លុះត្រាតែក្រុមហ៊ុនទាំងនោះគោរពយ៉ាងខ្ជាប់ខ្ជួនបំផុតនូវស្តង់ដាសាវនកម្មរបស់អាមេរិក៕ដោយ៖ស តារា