ការបំភ្លឺរបស់លោកស្រីវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន លេីអត្ថបទបកប្រែក្រៅផ្លូវការពីអត្ថបទរបស់អង្គការសុខភាពពិភពលោក​ លេីការបាញ់ទឹកសម្លាប់មេរោគ​ ឫសារធាតុសម្លាប់មេរោគ​ ឫអាល់កុល​ លេីសរីរាង្គមនុស្ស

ចែករំលែក៖

ភ្នំពេញ, ការបំភ្លឺរបស់លោកស្រីវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា​ លេីអត្ថបទបកប្រែក្រៅផ្លូវការពីអត្ថបទរបស់អង្គការសុខភាពពិភពលោក​ លេីការបាញ់ទឹកសម្លាប់មេរោគ​ ឫសារធាតុសម្លាប់មេរោគ​ ឫអាល់កុល​ លេីសរីរាង្គមនុស្ស​ ដូចតទៅ៖

លោកស្រីវេជ្ជបណ្ឌិត អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា, ខ្ញុំសង្កេតឃេីញ មានការយកអត្ថបទដែលខ្ញុំបានបកប្រែក្រៅផ្លូវការ​ ប្រេីប្រាស់​ ខ្ញុំសូមអរគុណច្រេីន​ តែក៏ស្នេីសុំមេត្តាកុំយកទៅបន្ថែម​បន្ថយអំបិល​ ប៊ីចេង​ ឫស្ករ​ អីណា​ ដែលហួសពីខ្លឹមសារដែលបានចែកជូនសម្រាប់ជាការយល់ដឹង​ ដេីម្បីមានការប្រុងប្រយ័ត្ន​រៀងៗខ្លួន ហេីយខ្ញុំសុំបំភ្លឺជូនថា៖
១.​ ការលាងដៃដោយអាល់កុល​ ឫជែល​ ផលិតត្រឹមត្រូវតាមបច្ចេកទេស​ មិនប៉ះពាល់សុខភាពទេ​ ព្រោះវាបានជួយសម្អាតបាតដៃយេីង​ មិនដូចនឹងការបាញ់លេីដងខ្លួនឡេីយ​ ហេីយក៏ការបាញ់មួយភ្លែតលេីដងខ្លួននោះ​ ក៏មិនបានជួយអ្វីឡេីយ។ នៅអត្ថបទដែលខ្ញុំបានបកប្រែមិនផ្លូវការនោះ ខ្ញុំបានដាក់ច្បាស់ហេីយដែរលេីការលាងដៃនេះ​។
២.​ អាស្រ័យលេីការសម្រេចរបស់សាមីខ្លួន​ ឫស្ថាប័ន​ លេីការអនុវត្តន៌​ ខ្ញុំគ្រាន់តែចែករំលែកនូវការយល់ដឹងលេីសារប្រយោជន៌នៃការប្រេីប្រាស់ទឹកសម្លាប់មេរោគ​ ឫសារធាតុសម្លាប់មេរោគ ឫអាល់កុល​ តែប៉ុណ្ណោះ។ យេីងអាចគិតមេីលបានថា​ យេីងលាងដៃ​ យេីងមានរយ:ពេល​ និងមានការដុះលេីដៃត្រឹមត្រូវ​ ចុះបេីគ្រាន់តែដេីរបង្វិលមួយភ្លែត​ អាចសម្លាប់មេរោគបានដែរទេ? ម្យ៉ាងទៀត​ ពេលទឹកអាល់កុល​បាញ់ចេញមក​ អ្នកមិនបានប្រុងប្រយ័ត្ន​ នឹងអាចចូលភ្នែក​ ដែលអាចឲ្យមានបញ្ហាភ្នែក​ ឫប៉ះមាត់​ ច្រឡំលេបចូល​ (ក្មេងៗ)​ ឫក៏អាចប៉ះផ្លូវដង្ហេីមដោយការស្រូបចូលដោយមិនដឹងខ្លួន ក៏អាចមានបញ្ហាអ្វីមួយក៏អាចថាបានដែរ។
៣.​ ការបាញ់លេីសម្លៀកបំពាក់​ ឫស្បែកជេីង​ ឫរបស់ប្រេីប្រាស់ ដេីម្បីសម្លាប់មេរោគ​ ជាការល្អ​ មិនជាបញ្ហាអ្វីទេ​ សូមតែចៀសវាងការបាញ់ផ្ទាល់លេីដងខ្លួនប្រាណ​ និងការប៉ះពាល់ដល់ភ្នែក​ ឫអាចចូលមាត់​ និងការស្រូបចូលផ្លូវដង្ហេីមដោយភ្លេចខ្លួន​ ឫដោយប្រការណាមួយ​ ដែលអាចមានផលប៉ះពាល់ដល់សុខភាព។
៤.​ សូមស្វែងយល់ទាំងអស់គ្នាលេីចំណុចនេះ​ ព្រោះ​ WHO គេមិនដែលបានណែនាំឲ្យធ្វេីបែបបាញ់​សម្លាប់មេរោគលេីខ្លួនប្រាណផ្ទាល់នោះឡេីយ។
៥.​ ក្រសួងសុខាភិបាល​ តាំងពីខែមករា​ ឆ្នាំ២០២០​ មក​ ក៏មិនដែលបានណែនាំឲ្យមានការបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សផ្ទាល់ដែរ​ (សូមពិនិត្យមេីលការណែនាំកន្លងមករបស់ក្រសួង)​។ ដូច្នេះ​ ខ្ញុំគ្រាន់តែចែករំលែកនូវចំណេះដឹងលេីបញ្ហានេះ​ ដោយខ្ញុំមិនបានលេីកពីការហាមឃាត់​ ហេីយក៏ជាគោលការណ៌ស្ម័គ្រចិត្តក្នុងការអនុវត្តន៌នាពេលកន្លងមកក្នុងការប្រេីប្រាស់ម៉ាស៊ីនបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សនេះដែរ​ ព្រោះក្រសួង​ មិនដែលបានណែនាំឲ្យធ្វេីការបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សផ្ទាល់ដែរក្នុងពេលកន្លងមកនេះ​ ហេីយខ្ញុំគ្រាន់តែស្នេីសុំឲ្យមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះឯង​៕ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print