កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងទិសដៅបន្តឆ្នាំ ២០២១ របស់គ.ក.ស.ក ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រីចាន់សេងសមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធាន
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តស្វាយរៀង
បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងទិសដៅបន្តឆ្នាំ ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តនៅព្រឹកថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ប្រាក់វុទ្ធីសមាជិកក្រុមប្រឹក្សា ខេត្ត​ លោកលោកស្រីតំណាងមន្ទីរ អង្គភាព សមាជិក សមាជិកា ការិយាល័យជំនាញពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

បន្ទាប់ពីស្ដាប់របាយការណ៍របស់អង្គប្រជុំរួចមក លោកស្រី ចាន់សេង បាន មានប្រសាសន៍ថា ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខុមាលភាពពិសេសការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងការកសាងចក្ខុវិស័យដែលជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ដើម្បីសម្រេចបានសមភាព យេនឌ័រ ឆ្លើយតបនឹងតម្រូវការរបស់ស្ត្រី និងកុមារ ជនងាយរងគ្រោះ។

លោកស្រីបន្តថាដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេស សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ។

លោកស្រី  ក៏បានណែនាំដល់សមាជិកក្រុមការងារ សូមធ្វើការតាមដានសភាពការណ៍ របស់បងប្អូនប្រជាពលរដ្ឋដែលបានមកពីបណ្តាប្រទេសនានាដែលកំពុងតែមានជំងឺកូវីដ១៩ តាមរយៈការសហការ​ជាមួយលោកមេឃុំ ចៅសង្កាត់ អាជ្ញាធរក្រុង ស្រុក ដើម្បីត្រួតពិនិត្យពី សុខភាពរបស់ពលរដ្ឋ និងបន្តអប់រំប្រជាពលរដ្ឋ ឱ្យគាត់យល់ដឹងពីការធ្វើអនាម័យ និងថែរក្សាសុខភាពដេីម្បីកុំឱ្យមានជំងឺកូវីដ១៩ក្នុងសហគមន៍យើងជាដាច់ខាត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print