ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូបញ្ច្រាសទិសដៅគ្នាហើយបុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចក្បែរអធិការដ្ឋានខណ្ឌទួលគោក តាមបណ្ដោយផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ផេង ធារដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧អា ផ្លូវលេខ២៧២ ភូមិ៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូ PCX មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HN-7007ចូលទៅទិញសាច់ក្លែមនៅហាង១០៣ក្បែរកន្លែងកើតហេតុ។ លុះទិញរួចរាល់ហើយយុវជនរូបនេះក៏បានបើកម៉ូតូចេញដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦១ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកកាហ្វេពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GP-1032ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនហើយបានជ្រុលទៅបុកជាមួយម៉ូតូPCX ពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូ PCX ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកភាគីខាងម៉ូតូកាហ្វេបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ហើយមួយសន្ទុះធំក្រោយមកគេឃើញឪពុកម្តាយមកដល់ស្រែកឈរយំឱបគ្នាសោកស្តាយកូនដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទាំងនៅវ័យក្មេង។បន្ទសប់មកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕
ផេងភាព