នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ឆ្នាំ២០២០ នឹងរំលងផុតទៅ ឆ្នាំ២០២១ ចូលមកដល់ ដោយមនុស្សនៅលើពិភពលោក ទាំងអស់សង្ឃឹមថា នឹងមិនមែនជាឆ្នាំអាក្រក់ដូចជាឆ្នាំ២០២០នេះ គឺរស់នៅដោយការភ័យខ្លាច បាតបង់សេរីភាពស្ទើតែទាំងស្រុង ដោយសារតែការឆ្លងរាលដាលកូវីដ១៩ ។
សារព័ត៌មានក្យូដូ នៅថ្ងៃទី២៣ខែធ្នូ បានជ្រើសយកព្រឹត្តិការណ៍ទាំង១០ ដែលលេចថ្លោបំផុតប្រចាំឆ្នាំ២០២០។ ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ទាំង១០មាន បេក្ខភាពចូបៃឌិន បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកផងដែរ។ ជាមួយគ្នានោះគឺវីរុសកូវីដ១៩ ដែលគ្រប់ដណ្តប់ពេញឆ្នាំ២០២០។
ខាងក្រោមនេះគឺជាព្រិត្តិការណ៍ទាំង១០ដែល លេចថ្លោបំផុតប្រចាំឆ្នាំ២០២០ របស់បណ្តាញព័ត៌មានក្យូដូជប៉ុនជ្រើសរើស ៖
១- ជំងឺឆ្លងកូវីដ១៩ ធ្វើឲ្យពិភពលោក ចលាចល ដោយឆ្លងដល់មនុស្សជិត៨០លាននាក់។
២-បេក្ខភាព ចូបៃឌិនមកពីគណបក្សប្រជាធិបតេយ្យជាប់ឆ្នោតប្រធានាធិបតីអាមេរិក។
៣-ចិនអនុម័តច្បាប់សន្តិសុខនៅលើកោះហុងកុង។
៤-បាតុកម្ម របស់ក្រុមជនជាតិស្បែកខ្មៅ “Black Lives Matter” នៅអាមេរិកនិងប្រទេសជាច្រើនជុំវិញពិភពលោក។
៥-អង់គ្លេសចាកចេញពីអឺរ៉ុបជាផ្លូវការ។
៦- ការប្រឈមមុខតានតឹងរវាងអាមេរិកនិងចិនកាន់តែខ្លាំងឡើង ទាំងសេដ្ឋកិច្ច នយោបាយនិងសន្តិសុខ។
៧- កិច្ចព្រមព្រៀង ហាមប្រាមអាវុធបរមាណូដែលអង្គការសហប្រជាជាតិអនុម័ត នឹងចូលជាធរមាណនៅថ្ងៃទី២២ខែមករាឆ្នាំ២០២១។
៨-អាមេរិក និងអង់គ្លេស អនុម័តប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech
៩- លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ក្លាយជាស្ត្រីដើមកំណើតអាស៊ីជាប់ឆ្នោតជាអនុប្រធានាធិបតីអាមេរិក ។
១០ – អុីស្រាអែលនិងប្រទេសអារ៉ាប់ បង្កើតទំនាក់ទំនង ការបរទេសឡើងវិញក្រោមការរៀបចំរបស់ លោកត្រាំ នៅសេតវិមាន៕ ដោយ៖ធីរីណា
រូបភាព៖AFP/TTXVN