ភ្នំពេញ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរយើងភាគច្រើនចូលចិត្តដើរលេងកន្លែងណាដែលមានស្រស់ធម្មជាតិដូចជាតាមដងព្រៃភ្នំ របៀបធម្មជាតិឬតាមតំបន់សមុទ្រ កោះជាដើម។ ហើយជាពិសេសនោះគឺ ការដើរលេងជាលក្ខណៈបោះតង់ មើលទៅពិតជាមានភាពល្បីល្បាញខ្លាំងណាស់ សម្រាប់យុវវ័យគ្រប់រូបភាគច្រើនចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង។
ចំពោះដំណើរកម្សាន្តបែបនេះ គេតែងតែដើរលេងជាមួយក្រុមគ្រួសារ មិត្តភក្តិជិតស្និត។ តាមតែស្ដាប់មើលទៅវាពិតជាសប្បាយគួរឲ្យចង់ទៅបោះតង់ដូចគេដែរ ប៉ុន្តែវាមិនងាយស្រួលបែបនឹងទេ បើសិនជាយើងមិនមានបទពិសោធន៍ធ្លាប់ឆ្លងកាត់ពីមុនមកឬអាចថាគិតរៀងស្មុគស្មាញមិនដឹងគួរគ្រប់គ្រងផែនការយ៉ាងណានៅពេលបោះជំរុំនោះ ដំណើរកម្សាន្តរបស់យើងអាចនឹងប្រថុយនឹងឧបសគ្គពេក ហើយពេលខ្លះមិនសប្បាយខ្វះមុខខ្វះក្រោយទៀតផង។
ដូច្នេះប្រសិនបើអ្នកចង់ឲ្យការដើរលេងបោះជំរុំបានយ៉ាងសប្បាយរីករាយនោះ គន្លឹះសំខាន់ខាងក្រោមនឹងធ្វើជាអ្នកនាំផ្លូវដើម្បីត្រៀមលក្ខណៈ និងផែនការបោះជំរុំមួយយ៉ាងជោគជ័យ៖
១. ជ្រើសរើសសមាជិកដើរលេងត្រឹមត្រូវ
ការបោះតង់ ពិតជាសំខាន់យើងត្រូវគិតរៀបចំផែនការឲ្យបានត្រឹមត្រូវតែអ្វីដែលសំខាន់ជាងនោះទៅទៀតគឺការដើរលេងជាមួយសមាជិកដែលចុះសម្រុងគ្នាទើបធ្វើឲ្យដំណើរកម្សាន្តកាន់តែសប្បាយមួយកម្រិតទៀត។ មិនត្រឹមតែប៉ុណ្ណឹងទេ បើសិនជាយើងមិនធ្លាប់បោះតង់ពីមុនទេ យើងគួរតែទៅជាមួយមិត្តភក្តិនរណាម្នាក់ដែលមានបទពិសោធន៍ ឬសួរនាំពីពួកគេ។
២. ជ្រើសរើសទីតាំងឲ្យសមស្រប
ចំណុចនេះមិនអាចមើលរំលងទេ អ្នកអាចរើសទីតាំងណាដែលមិនមានគ្រោះថ្នាក់ឬប្រថុយប្រថានលើសពីសមត្ថភាព។ អ្នកអាចរើសតំបន់ឲ្យសមជាមួយអាកាសធាតុឬអ្នកស្រាវជ្រាវអំពីភូមិសាស្ត្រដែលយើងនឹងត្រូវទៅ ព្រោះបើយើងទៅដោយមិនស្គាល់ទីតាំងច្បាស់លាស់វាអាចនឹងពិបាក។
៣. ត្រៀមអាហារ
ពិតណាស់អាហារមិនអាចខ្វះបានទេដូចនេះហើយអ្នកត្រូវត្រៀមចំណីអាហារដែលស្រួលចម្អិន អាហារដែលមិនធ្វើទុកពោះវៀន ជៀសវាងអាហារផ្អាប់ ភេសជ្ជប៉ូវកម្លាំង ទឹកសុទ្ធឲ្យបានគ្រប់គ្រាន់ ហើយត្រូវទិញទុកយ៉ាងតិច២ថ្ងៃមុនចេញដំណើរជៀសវាងភ្លេច។ អ្នកក៏មិនគួរទិញអាហារតាមផ្លូវដោយមិនដឹងពីគុណភាពវាអាចប៉ះពាល់ដល់សុខភាព ដែលសំខាន់ជៀសវាងគ្រឿងស្រវឹងកាន់តែល្អ។
៤. សម្ភារៈប្រើប្រាស់បោះជំរុំត្រូវការសម្ភារៈប្រើប្រាស់ដូចជា៖
· តង់ (ត្រូវឆែកមើលយ៉ាងតិចឲ្យបាន២ដងមុននឹងយកទៅ)
· សម្លៀកបំពាក់ (ដាក់ខោអាវណាដែលស្រួលស្លៀក)
· ថ្នាំសង្កូវ (ថ្នាំឈឺក្បាល់ ថ្នាំឈឺពោះ ថ្នាំរាគ ថ្នាំលាងរបួលផ្សេងៗ)
· សម្ភារៈផ្ទាល់ខ្លួន (ច្រាស់និងថ្នាំដួសធ្មេញ សាប៊ូ ឡេការពារកម្ដៅថ្ងៃ ឡេលាបកុំអោយមុសខាំ)
· ឆ្នាំង ចាន បំពុងទឹក ស្លាបព្រា ដែកកេះ កំបិត (ក្នុងករណីយើងចង់ធ្វើម្អូបញុំានៅទីនោះ)
· ពិល អាវភ្លៀង មួក ស្បែកជើងដែលស្រួលពាក់
· ប្រដាប់សាកទូរសព្ទ Power Bank។
៥. គិតចំណាយ
បើសិនជាយើងដើរលេងជាមួយមិត្តភក្តិជាក្រុមនោះយើងត្រូវគ្រប់គ្រងការចំណាយសម្រាប់ការដើរលេងយើងត្រូវគិតទុកជាមុន ដូចជា ថ្លៃអាហារ ថ្លៃមធ្យោបាយធ្វើដំណើរ ថ្លៃទិញសម្ភារៈប្រើប្រាស់ជាដើម។
៦. អាកាសធាតុ
បើចង់ដើរដោយរលូនគ្មានអ្វីមករារាំង នោះយើងត្រូវមើលការព្យករណ៍អាកាសធាតុ ជៀសវាងដើរលេងចំថ្ងៃមានព្យុះភ្លៀងផ្សេងៗដែលធ្វើអោយយើងបោះតង់មិនកើត នោះការដើរលេងរបស់យើងអាសារបង់៕
តោះសូមទស្សនារូបភាពតំណាងមានដូចខាងក្រោម៖