ព័ត៌មានលម្អិត៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា​ ដេីម្បីពិភាក្សានិងអនុម័ត​លេីរបៀបវារៈសំខាន់ៗ

ចែករំលែក៖

ភ្នំពេញ៖នៅរសៀលថ្ងៃពុធ​ ៩កើត ខែបុស្ស ឆ្នាំជូត​ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៣​ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា​ ដេីម្បីពិភាក្សានិងអនុម័ត​លេីរបៀបវារៈសំខាន់ៗដូចខាងក្រោម​ ៖

១/ របាយការណ៍សកម្មភាពឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១។ 

២/ របាយការណ៍ចំណូល ចំណាយ ឆ្នាំ២០២០​ និងការព្យាករណ៍ ចំណូលថវិកានៅឆ្នាំ២០២១។

៣/ ការស្នើសុំអនុម័តផែនការថវិកាសម្រាប់ចំណាយជាអាទិភាពនៅ ឆ្នាំ២០២១។ 

៤/ បញ្ហាផ្សេងៗ។ 

កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី សម្ដេចចៅហ្វាវាំង​ វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ដ្រៃយ៍, លោកជំទាវកិត្ដិសង្គហបណ្ឌិត ឃួន សុដារី និងលោកជំទាវ អាន្នី សុខអាន អនុប្រធាន, លោកជំទាវកិត្ដិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក,​ សមាជិកគណៈកម្មាធិការកណ្តាល​ និងមន្ដ្រីប្រតិបត្ដិ​ សរុបចំនួន​ ២២នាក់។ 

ក្នុងឱកាសនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ បានថ្លែងនូវការកោតសរសេីរយ៉ាងក្រៃលែង​ចំពោះ​ ថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ គណៈកម្មាធិការកណ្តាល​ និងមន្ត្រី​កាកបាទក្រហមកម្ពុជាទាំងអស់​គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារមនុស្សធម៌ជួយដល់ប្រជាជនងាយរងគ្រោះបំផុតនៅទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាពខ្ពស់​ ជាពិសេសក្នុងការឆ្លេីយតបគ្រោះទឹកជំនន់នាពេលកន្លងមក​ និងចូលរួមប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ 

ជាមួយគ្នានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនជាតិ​ អន្តរជាតិទាំងអស់​ដែលផ្តល់សេចក្តីទុកចិត្ត​ និងបរិច្ចាគធនធានជូនដល់កាកបាទក្រហមកម្ពុជា​ បេីទោះបីជា​ កាកបាទក្រហមកម្ពុជា​ បានផ្អាកការប្រារព្ធទិវា​ពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨ឧសភា​ ដោយសារតែជំងឺកូវីដ-១៩ក៏ដោយ​ ហេីយជាពិសេសនោះ គឺព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមបំផុតរបស់​ ព្រះករុណា​ ព្រះមហាក្សត្រ​ និងសម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ហេីយដែលកាកបាទក្រហមកម្ពុជា​ បានយកទៅចាត់ចែងជួយដល់ប្រជានុរាស្ត្រងាយរងគ្រោះ​ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ​ប្រកបដោយតម្លាភាព​ និងគណនេយ្យភាព។ 

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តល់អនុសាសន៍ដល់មន្ត្រីប្រតិបត្តិទាំងអស់ ទាំងថ្នាក់កណ្តាល សាខា-អនុសាខា ព្រមទាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ត្រូវបន្តរក្សាសាមគ្គីភាព ពង្រឹងភាពរឹងមាំ ភាព​ម្ចាស់ការ​ និងខិតខំបំពេញការងារបន្ថែមទៀត ដើម្បីជួយសម្រាលការលំបាកជូនដល់ប្រជាពលរដ្ឋបានកាន់តែច្រើនថែមទៀត៕

ដោយ៖សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print