អន្តរជាតិ៖ប៉េរូ ចូលរួមជាមួយប្រទេស ១៥ទៀត ដែលមានអ្នកឆ្លងជាង១លានករណី។ ខណៈទូទាំងពិភពលោកមានជាង៧៨.៣៦លានករណីក្នុងនោះស្លាប់ជាង១.៧២លាននាក់ និងសះស្បើយជាង៥៥.១២លាននាក់។
ជាក់ស្តែងប៉េរូ គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ មានអ្នកឆ្លងកូវីដ-១៩ លើស១លានករណី។ ខណៈសហរដ្ឋអាមេរិក មានជាង១៨.៦៨លានករណី និងតាមពីក្រោយដោយឥណ្ឌា (ជាង១០លាន), ប្រេស៊ីល (ជាង៧លាន) និងរុស្ស៊ី (ជិត៣លាន)។
ចំណែកប្រទេសដែលមានករណីឆ្លងក្នុងរង្វង់២លានករណី មានដូចជា បារាំង ចក្រភពអង់គ្លេស និងតួកគី ខណៈអ៊ីតាលី និងអេស្ប៉ាញ ឡើងជិត២លានរៀងៗខ្លួន។ អាល្លឺម៉ង់ អាហ្សង់ទីន និងកូឡុំប៊ី មានជាង១.៥លាន ខណៈជាង១លានករណី មាននៅម៉ិកស៊ីក ប៉ូឡូញ អ៊ីរ៉ង់ និងប៉េរូ។
ដោយឡែកអ៊ុយក្រែន និងអាហ្វ្រិកខាងត្បូងវិញ មានជាង៩០ម៉ឹនករណីរៀងៗ រីឯហូឡង់ មានជាង៧០ម៉ឺន ឥណ្ឌូណេស៊ី សាធារណរដ្ឋឆេកនិងបែលហ្ស៊ិក មានជាង៦០ម៉ឺន។ ប្រទេសផ្សេងទៀតដែលករណីឆ្លងជាង៥០ម៉ឺន រួមមាន រូម៉ានី ស៊ីលី អ៊ីរ៉ាក់ កាណាដា និងបង់ក្លាដែស។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ជាង១.៧២លាននាក់ សហរដ្ឋអាមេរិក មានជាង៣៣ម៉ឺននាក់ ប្រេស៊ីលជាង១៨ម៉ឺននាក់ ឥណ្ឌាជាង១៤ម៉ឺននាក់ និងម៉ិកស៊ិកជិត១២ម៉ឺននាក់។ អ៊ីតាលី និងចក្រភពអង់គ្លេស មានអ្នកស្លាប់ជិតដល់៧ម៉ឺននាក់ ខណៈអ៊ីរ៉ង់ និងរុស្ស៊ី មានជាង៥ម៉ឺននាក់៕ដោយ៖ស តារា