ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចចេញច្បាប់ហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នាក្នុងឱកាសបុណ្យគ្រិឹស្តស្មាស់និងទទួលឆ្នាំថ្មីនៅទីសាធារណៈ។ ច្បាប់ហាមប្រាមនេះនឹងអូសបន្លាយរហូតដល់ថ្ងៃទី ៨ខែមករាឆ្នាំ២០២១។
ច្បាប់ហាមប្រាមនេះដោយសារតែចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះកើនឡើងខ្ពស់ក្រោយការឈប់សម្រាកពិធីបុណ្យនៅចុងខែតុលាឆ្នាំ២០២០ ។ កម្លាំងទាហាន និងប៉ូលិសនឹងចូលរួមដើម្បីធានាដល់ការអនុវត្តច្បាប់របស់ពលរដ្ឋ។ ពិធីបាញ់កាំជ្រួចឆ្នាំថ្មីក៏នឹងត្រូវលុបចោលផងដែរ។
បើទោះបីចេញច្បាប់ហាមប្រាមពលរដ្ឋជួបជុំគ្នាស្វាគមន៍ឆ្នាំថ្មីក្តី ប៉ុន្តែ រដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរកម្សាន្តក្នុងប្រទេសដោយអនុវត្តទៅតាមច្បាប់គម្លាតពីគ្នា ។ អ្នកទេសចរចូលទៅកាន់កោះបាលីនឹងត្រូវឆ្លងកាត់ការធ្វើតេស្ត មុនពេលធ្វើដំណើរ២ថ្ងៃ ។
អ្នកទេសចរចូលទៅកាន់រដ្ឋធានីចាការតា និឹងត្រូវធ្វើតេស្តរហ័សដែលបានដាក់ពង្រាយនៅច្រកចូលក្នុងទីក្រុង ។ ចំណែកក្រសួងសាសនាឥណ្ឌូនេស៊ីបានណែនាំគ្រិឹស្តបរិស័ទធ្វើពិធីបន់ស្រន់នៅតាមផ្ទះដោយមិនចាំបាច់មកកាន់ព្រះវិហារជួបជុំគ្នាឡើយ។
គិតមកដល់ថ្ងៃទី២៤ខែធ្នូនេះឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ-១៩ ដល់ទៅ685.639 នាក់និងស្លាប់20.408 នាក់ផងដែរ៕
រូបភាព៖ VOV