គិតត្រឹមថ្ងៃទី២៣ខែធ្នូ(ពេលវេលាអាមេរិក) ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) លោក Robert Redfield បានបញ្ជាក់ថា មានពលរដ្ឋជាង១លាននាក់ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
លោក Robert Redfield បានបន្តទៀតថា «អាមេរិកបានឈានដល់ការចាក់វ៉ាក់សាំងចំនួន១លាននាក់មុនពេលគ្រោងទុក។ តាមរបាយការណ៍ មានវ៉ាក់សាំងជាង១លានដូសបានប្រើប្រាស់នៅអាមេរិកក្នុងរយៈពេល១០ថ្ងៃកន្លងមក។
នៅថ្ងៃទី២២ខែធ្នូ បណ្តាញទូរទស្សន៍អាមេរិក បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោកAlex Azar ក៏បានចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនមូឌីណាផងដែរ ។ កាលពីថ្ងៃទី២១ខែធ្នូ លោកបៃឌិនបានចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer / BioNTech ។
ជាមួយគ្នានេះដែរ អាមេរិកបានកំណត់គោលដៅចាក់វ៉ាក់សាំងដល់ពលរដ្ឋចំនួន១០០លាននាក់ ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២១ និងចាក់បន្ថែមដល់ទៅ ១០០លាននាក់ទៀត នៅត្រីមាសទីពីរឆ្នាំ ២០២១។
ចាប់ពីថ្ងៃទី១៤ខែធ្នូមកមានវ៉ាក់សាំង ជាង៣លានដូស របស់ក្រុមហ៊ុន Pfizer / BioNTech បានចែកចាយនៅតាមបណ្តារដ្ឋទូទាំងទឹកដីអាមេរិក ។ នៅក្នុងសប្តាហ៍នេះអាមេរិកមានគោលដៅចែកចាយវ៉ាក់សាំងបន្ថែម ៦លានដូសទៀតរបស់ក្រុមហ៊ុនមូឌីណា និង២លានដូសរបស់ក្រុមហ៊ុន Pfizer / BioNTech ។
អាមេរិកជាប្រទេសដែលមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេបំផុតលើពិភពលោក ដោយមានអ្នកឆ្លងជាង ជិត១៩លាននាក់ និងស្លាប់ជាង៣២០ពាន់នាក់ ៕
រូបភាព៖ Getty Images