ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនអុីហ្គេតបានរងរបួសធ្ងន់ខណៈជិះម៉ូតូដឹកម្ហូបកម្មង់ឲ្យអតិថិជនក្នុងល្បឿនលឿនបុកពីក្រោយរថយន្តបែនដឹកដីដែលខូច ចតលើដងផ្លូវមិនដាក់ស្លាកសញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវ ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង០២និង ៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ ខាងលិចស្តុបណូគាប្រមាណ២០០ ម៉ែត្រក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តបែនដឹកដីមួយគ្រឿងក្បាលពណ៌ទឹកប្រាក់ពាក់ស្លាកលេខចង្កូតស្ដាំPP -1527 ខូចហើយចតចោលលើដងផ្លូវតាំងពីម៉ោង០៥រសៀលមកម្ល៉េះ ដោយម្ចាស់មិនបានដាក់អ្វីជាសម្គាល់ ឲ្យបានត្រឹមត្រូវនោះទេ ដោយចតទុកក្នុងទិសដៅពីលិចទៅកើត លុះដល់ម៉ោងកើតហេតុខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CY-7973 ដឹកម្ហូបឲ្យក្រុមហ៊ុនអីហ្គេត មកពីក្រោយបានជ្រុលទៅបុករថយន្តដឹកដីផ្នែកខាងឆ្វេងខាងក្រោយពេញទំហឹងបណ្ដាលឲ្យបោកក្បាលនឹងទ្រុងរថយន្តរងរបួសធ្ងន់។ ភ្លាមនោះត្រូវបានសាច់ញាតិជនរងគ្រោះបានដឹកជនរងគ្រោះតាមម៉ូតូយកទៅសង្គ្រោះនៅពេទ្យឯកជនមួយកន្លែងដោយខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានសាច់ញាតិខាងភាគីម៉ូតូ ក៏ដូចជាតំណាងភាគីរថយន្តបានចុះមកដល់កន្លែងកើតហេតុ និងធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖ និន សុភ័ស្ដ