ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តកុងតឺន័របើកមិនប្រកាន់ស្ដាំបុកម៉ូតូសណ្ដោងរម៉ករួចក៏មានម៉ូតូមួយគ្រឿងផ្សេងទៀតបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាចន្លោះម៉ោង៣រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ។
តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះឈ្មោះ ត្រា អាយុ ២៧ ឆ្នាំ មុខរបរ ជាងបាញ់ថ្នាំ រស់នៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាកហុងដា វ៉េវ (ប្រភេទម៉ូតូចាស់) គ្មានស្លាកលេខ ខូចខាតទាំងស្រុង។
ចំណែកភាគីម៉ូតូផ្សេងទៀតមានឈ្មោះ ពៅ ហ៊ន ភេទស្រី អាយុ ៤៧ ឆ្នាំ មុខរបរ លក់ដូរ រស់ភូមិកំពង់ត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១C -២១៩៤។
ចំណែកអ្នកបើករថយន្តកុងតឺន័រ មិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយបង្កហេតុឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនភ្លាមៗ។
តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុមានរថយន្តកុងតឺន័រ ម៉ាក FUSO ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ ៣C -៣០៣០ នឹងសឺមីរ៉ឺម៉ក ពណ៌លឿង ស្លាកលេខ ភ្នំពេញ ៤A -៤៣៨៣ ក្នុង ទិសដៅពីខាងលិច ទៅទៅខាងកើតមិនប្រកាន់់់់់ស្ដាំ ខណៈមកដល់កន្លែងកើតហេតុ ក៏បានបុកម៉ូតូរ៉ឺម៉ក ម៉ាកហុងដា វ៉េវ (ប្រភេទម៉ូតូចាស់) គ្មានស្លាកលេខ ទិសដៅផ្ទុយគ្នា ពីខាងកើត ទៅខាងលិច បន្ទាប់មក ស្រាប់់់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា វ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១C -២១៩៤ បានបុកម៉ូតូរ៉ឺម៉ក ពីក្រោយ ក្នុងទិសដៅពីខាងកើត ទៅខាងលិច ពេញទំហឹងលាន់សូរដូចរន្ទះ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើលយ៉ាងច្រើនកកកុញ និងរាយការណ៍មកសមត្ថកិច្ចអន្តរាគមន៍ដឹកមកកាន់មន្ទីរពេទ្យស្រុកស្វាយទាប។
ចំណែកអ្នកស្លាប់ត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយទាំងបីគ្រឿង អូសយកមករក្សាទុក នៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ៖ យឹម សុថាន