ភ្នំពេញ៖ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ និងលោក ជា ខេមា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ព្រមទាំងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀត បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះមួយកន្លែងស្ថិតនៅបុរីឈូកវ៉ា១ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃច័ន្ទទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ។
ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារជនរងគ្រោះរួចមកលោកសុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់គិតគូរពីសុខភាពរក្សាឲ្យបាននូវអនាម័យ និងត្រូវប្រុងប្រយ័ត្នចំពោះជម្ងឺកូវីដ-១៩ ត្រូវរក្សាឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុងឱកាសនោះរួមមាន អង្ករ៥០គីឡូក្រាម មីចំនួន២កេស ទឹកស៊ីអ៊ីវ១យូរ ទឹកត្រី១យូរ អំណោយជាថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៥០ម៉ឺនរៀល និងលោក ហួត លាភពិសិដ្ឋ អនុប្រធានក្រុមកាងារចុះជួយសង្កាត់គោករកាចំនួន១០ម៉ឺនរៀលផងដែរ៕ដោយ៖ ព្រែកសំរោង