ពលរដ្ឋក្រូអាតបានរងទុក្ខដោយសារការឆ្លងកូវីដ-១៩ ហើយនៅចុងឆ្នាំនេះស្ថានភាពបានល្អប្រសើរឡើងវិញបន្តិច ដោយពលរដ្ឋសង្ឃឹមថា នឹងទទួលស្វាគមន៍ឆ្នាំថ្មីដោយរីករាយ ។ ប៉ុន្តែជាអកុសល គ្រោះធម្មជាតិរញ្ជួយដីបានកើតឡើងនៅក្នុងប្រទេសនេះ បណ្តាលឲ្យផ្ទះសម្បែង បាក់ដួលរលំ ខ្ទេចខ្ទី មិនខុសអ្វីពីការទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុននោះឡើយ។
ការរញ្ជួយដី មានកម្រិត៦,៤រ៉ិចទ័រកើតឡើងនៅក្នុងស្រុក Petrinja ជិតទីក្រុងZagreb ប្រទេសក្រូអាត ។
តាមព័ត៌មានជាបឋម មានក្មេងស្រីម្នាក់ស្លាប់ និងរងរបួសជាច្រើននាក់ ។
នាយករដ្ឋមន្ត្រីក្រូអាត លោកAndrej Plenkovic បានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា«យើងទទួលបានព័ត៌មានថា មានក្មេងស្រីម្នាក់ស្លាប់ និងរបួសជាច្រើននាក់»។ នៅពេលនេះនាយករដ្ឋមន្ត្រីAndrej Plenkovic កំពុងតែធ្វើដំណើរទៅកាន់ទីតាំងរញ្ជួយដី ដើម្បីត្រួតពិនិត្យស្ថានភាពនិងជួយដល់ពលរដ្ឋរងគ្រោះ។
បណ្តាញទូរទស្សន៍HRTបានប្រកាសថា ស្រុកPetrinja រងការបំផ្លាញស្ទើរតែទាំងស្រុង ។ មនុស្សជាច្រើនរងរបួស និងជាប់គាំងក្រោមគំនរអគារបាក់បែក។ ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកអ្នកដែលជាប់គាំងក្រោមអគារបាក់បែកឲ្យទាន់ពេលវេលា។ កម្លាំងទាហាន រថយន្តសង្គ្រោះជាច្រើន បានទៅកាន់កន្លែងកើតហេតុ។
លោកDarinko Dumbovic មន្ត្រីក្នុងតំបន់បានឲ្យដឹងថា «ស្រុករបស់យើងខ្ញុំរងការបំផ្លាញស្ទើរតែទាំងស្រុង។ មានមនុស្សស្លាប់និងរបួសជាច្រើន។ ស្ថានភាពដូចជា ការទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា ដោយអ្វីគ្រប់យ៉ាងរងការបំផ្លាញ»៕
ដោយ៖ ធី រីណា