ខេត្តកំពង់ចាម ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកចំការលើចាប់ឃាត់ខ្លួនតាមបណ្តឹងរបស់ឈ្មោះ សេង សំអឿន ដែលចោទថាបានលួងលោមក្មេងស្រីអាយុ១៣ឆ្នាំ នាំយកទៅរំលោភសេពសន្ថវៈ ខណៈដែលមានសំឡេងប្រាប់មកយាយជួយផងៗនៅពេលទូរស័ព្ទរកចៅ ។
យោងតាមពាក្យបណ្តឹងដែលដាក់នៅនគរបាលស្រុកចំការលេីបានរៀបរាប់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឈ្មោះ សេង សំអឿន ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម សុំប្តឹងឈ្មោះ ហេង សុភាក់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែររស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកកំពង់សៀម ។
ក្នុងពាក្យបណ្តឹងបានប្តឹងចោទប្រកាន់ថា បុរសឈ្មោះ ហេង សុភាក់ បានចាប់រំលោភសេពសន្ថវៈទៅលើចៅស្រីរបស់ខ្លួនអាយុ១៣ឆ្នាំ រស់នៅភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង២០និង១៥នាទី នៅចំណុចវាលស្រែក្នុងភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ។
ក្នុងពាក្យបណ្តឹងដដែលបញ្ជាក់ថា នៅមុនពេលកើតហេតុ ចៅរបស់ខ្លួនបាត់ចេញពីផ្ទះ ហើយខ្លួនបានតេទូរស័ព្ទរកចៅ ពេលនោះចៅរបស់គាត់បាននិយាយតាមទូរស័ព្ទថា ជួយផងៗដោយមានការសង្ស័យ គាត់បាននាំគ្នាដើររក ។ លុះដល់ម៉ោងប្រហែល៩យប់ ទើបឃើញមានម៉ូតូ១គ្រឿងជិះមកឈប់នៅមុខផ្ទះ ហើយចៅរបស់ខ្លួនបានចុះពីលើម៉ូតូដើរចូលផ្ទះ ទើបគាត់សាកសួរហើយដឹងថាចៅរបស់ខ្លួនទើបមកពីដេក(រួមរ័ក) ជាមួយឈ្មោះ ហេង សុភាក់ ។
ក្រោយទទួលបានពាក្យបណ្តឹងរួចមក កម្លាំងនគរបាលបានទៅឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចផ្ទះរបស់ជនសង្ស័យ រួចនាំមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីធ្វើការសាកសួរ ។
បន្ទាប់ពីបញ្ចប់ការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយឈ្មោះនារីរងគ្រោះអាយុ១៣ឆ្នាំប្រាកដមែន ។
ជនសង្ស័យត្រូវបាននគរបាលចាប់ឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធី និងកសាងសំណុំរឿងត្រៀមបញ្ជូនខ្លួនទៅកាន់តុលាការ ៕ ដោយ ៖ វណ្ណៈ