ខេត្តសៀមរាប៖ បើតាមការអះអាងពីប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោក ទា គឹមសុទ្ធ បានមានប្រសាសន៍ថា ដោយសារឆ្នាំនេះ មានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ ពីដើមរដូវធ្វើឱ្យការបង្កបង្កើនផលដំណាំស្រូវវស្សារបស់ ប្រជាពលរដ្ឋ ក្នុង ឆ្នាំ២០២០នេះ សម្រេចបាន១០០ភាគរយលើផ្ទៃដីសរុប ១៩០ ៧០៤ហិកតា ស្មើនឹង១០២,២២ភាគរយនៃផែនការ១៨៦ ៥៦០ហិកតា។ ជាលទ្ធផលឆ្នាំនេះ បើធៀបទៅនឹងឆ្នាំ២០១៩លទ្ធផលបញ្ចប់ដូចគ្នា តែអនុវត្តបានច្រើន ជាងចំនួន ៤ ១៧៩ហិកតា។
ប្រធានមន្ទីរកសិកម្មខេត្តរូបនេះ បន្តថា ការច្រូតប្រមូលផលស្រូវ លើផ្ទៃដីសរុបចំនួន ជាង១០ម៉ឺនហិកតានេះ ទទួលបានបរិមាណផលសរុប៥២៨ ៣៤៧តោន ដោយទទួលបានទិន្នផលជាមធ្យម ២ ៧៧១គីឡូក្រាមក្នុង១ហិកតា ក្នុងនោះ រួមមាន៖ ស្រូវស្រាលចំនួន ៤១ ៦៣៤ហិកតាស្រូវចម្ការចំនួន ១ ៧០០ហិកតា ស្រូវកណ្តាលចំនួន១០៥ ៤៦០ ហិកតា ស្រូវធ្ងន់ចំនួន៣៥ ៥៦០ហិកតា និងស្រូវឡើង ទឹកចំនួន៦៣៥០ហិកតាដោយប្រភេទស្រូវទាំងអស់នេះ អាចលក់ចេញក្នុងតម្លៃចាប់ពី៧៥០រៀល ទៅ ១១៥០រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃស្រូវឆ្នាំនេះ វាប្រហាក់ប្រហែលនិងឆ្នាំមុនៗ មិនមានអ្វីគួរឱ្យព្រួយបារម្ភនោះឡើយ។
ជាមួយគ្នានេះ លោក ទា គឹមសុទ្ធ ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវអនុវត្តការងារកសិកម្មឱ្យបានល្អ ទៅតាមបច្ចេកទេសថ្មីដែលធន់និងបម្រែបម្រួលអាកាសធាតុ ដើម្បីទទួលបានទិន្នផលខ្ពស់ ជាពិសេសត្រូវឧស្សាហ៍ចុះមើលស្រែចម្ការ ដើម្បីបង្ការការពារពីការបំផ្លាញពីសត្វល្អិតផ្សេងៗ និងត្រូវប្រញាប់រាយការណ៍ទៅមន្ត្រីជំនាញកសិកម្ម នៅពេលមានបញ្ហាមិនប្រក្រតីមួយចំនួនលើដំណាំរបស់ខ្លួន ដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា៕ដោយ៖ស តារា