រដ្ឋាភិបាលអុីរ៉ង់បានសម្រេចសងសំណងដល់គ្រួសារជនរងគ្រោះស្លាប់ដោយការបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន១៧៦នាក់ ដោយម្នាក់ៗទទួលបានទឹកប្រាក់១៥០ពាន់អឺរ៉ូ។
ជើងហោះហើរលេខ៧៥២ របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ត្រូវកម្លាំងទាហានការពារអុីរ៉ង់បាញ់ច្រឡំកាលពីថ្ងៃទី ៨ខែមករាឆ្នាំ២០២០ ក្រោយពេលយន្តហោះនេះចាប់ផ្តើមហោះហើរបានប៉ុន្មាននាទីប៉ុណ្ណោះ ចេញពីអាកាសយានដ្ឋានអន្តរជាតិImam Khomeini ក្នុងទីក្រុងតេអេរ៉ង់។ អ្នកដំណើរទាំង១៧៦នាក់ស្លាប់ទាំងអស់។ មន្ត្រីអុីរ៉ង់បានឲ្យដឹងថា ហេតុការណ៍ខាងលើគឺជាកំហុសរបស់មនុស្ស។
រដ្ឋាភិបាលអុីរ៉ង់បានប្រកាសថា ប្រាក់សំណងខាងលើនឹងផ្តល់ជូនគ្រួសារជនរងគ្រោះមិនថាជាតិសាសន៍ណាឡើយ គឺស្របតាមច្បាប់អន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោកOleh Nikolenko បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា «រឿងនោះមិនអាចទទួលយកបានឡើយ ដោយពាក់ព័ន្ធអាយុជីវិតមនុស្សជាច្រើន។ អ៊ុយក្រែនរង់ចាំអុីរ៉ង់ផ្តល់របាយការណ៍ស្តីពីស្ថានភាពនៃការបាញ់យន្តហោះដឹកអ្នកដំណើរ»។
តាមរបាយការណ៍ ដែលបានប្រកាសកាលពីខែសីហាឆ្នាំ២០២០ បញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរនិងអាកាសយានិកនៅមានជីវិត ក្រោយត្រូវមីស៊ីលគ្រាប់ទីមួយ។ យន្តហោះក៏បានព្យាយាមចុះចតក៏ត្រូវគ្រាប់មីស៊ីលទីពីរ គឺបន្ទាប់ពីលើកទីមួយ២៥វិនាទី ទើបបណ្តាលឲ្យធ្លាក់តែម្តង។
មន្ត្រីអុីរ៉ង់បានឲ្យដឹងថា នោះជាការបង្កឡើងដោយមនុស្ស។ អុីរ៉ង់បានបញ្ជាក់ថា ក្នុងពេលទាហានបាញ់ច្រឡំ គឺមិនអាចទំនាក់ទំនងទៅកាន់ទីបញ្ជាការបាន ហើយកម្លាំងទាហានស្មានតែយន្តហោះរបស់សត្រូវ។ ការបាញ់ច្រឡំកើតឡើង ក្រោយពេលអុីរ៉ង់វាយប្រហារដោយមីស៊ីលរាប់សិបគ្រាប់ទៅលើទីតាំងយោធាអាមេរិកដើម្បីជាការសងសឹកដល់មេទ័ពអុីរ៉ង់ដែលត្រូវយន្តហោះគ្មានមនុស្សបើកអាមេរិកវាយប្រហារនៅអាកាសយានដ្ឋានអន្តរជាតិ ប្រទេសអុីរ៉ាក់៕
រូបភាព៖ Sputniks