នាយករដ្ឋមន្ត្រីអង់គ្លេស លោកBoris Johnson ជាបុគ្គលដែលសកម្មក្នុងការនាំអង់គ្លេសចេញពីសហគមន៍អឺរ៉ុប(Brexit)។ ចំណែកឪពុករបស់លោកវិញគឺជាមនុស្សម្នាក់ក្នុងចំណោម ពលរដ្ឋអង់គ្លេសមិនចង់ចាកចេញពីអឺរ៉ុបនោះឡើយ។ ទាំងនោះហើយ ទើបឪពុករបស់នាយករដ្ឋមន្ត្រី Boris Johnson គឺលោក Stanley Johnson ស្នើសុំសញ្ជាតិបារាំង ក្រោយកិច្ចព្រមព្រៀង Brexit។
លោកStanley Johnson បានលើកឡើងនៅថ្ងៃទី៣១ខែធ្នូថា « គ្មានអ្វីដែលសង្ស័យឡើយ ខ្ញុំមានសញ្ជាតិបារាំង។ តាមខ្ញុំយល់ខ្ញុំក៏ជាជនជាតិបារាំងដែរ ដោយម្តាយរបស់ខ្ញុំកើតនៅប្រទេសបារាំង ហើយជីដូង ជាជនជាតិបារាំង។ ចំពោះខ្ញុំគិតពិតជា សប្បាយរីករាយដែលទទួលបានសញ្ជាតិបារាំងនោះ»។
លោកStanley Johnson បន្តទៀតថា« ខ្ញុំគឺជាមនុស្សរបស់សហគមន៍អឺរ៉ុប នោះជាការពិត។ គ្មានអ្នកណាអាចនិយាយខ្ញុំបានថា អ្នកមិនមែនជាជនជាតិអឺរ៉ុបនោះឡើយ ។ ខ្ញុំមានទំនាក់ទំនងល្អជាមួយ អឺរ៉ុប គឺជារឿងដ៏សំខាន់»។
លោក Stanley Johnson គឺជាមន្ត្រីដំបូងដែលបានតែងតាំងឲ្យធ្វើការនៅទីតាំងសហគមន៍អឺរ៉ុបក្នុងទីក្រុង Brussels ប្រទេសបែលហ្ស៊ិច ក្រោយអង់គ្លេសចូលជាសមាជិកសហគមន៍អឺរ៉ុប ក្នុងឆ្នាំ១៩៧៣។
តាមសារព័ត៌មាន The Guardian លោកStanley Johnson បានបង្កើតក្រុមអំពាវនាវឲ្យ រក្សាអង់គ្លេសនៅជាសមាជិកសហគមន៍អឺរ៉ុប ក្នុងការបោះឆ្នោត ឆ្នាំ២០១៦។ ចំណែកកូនប្រុសរបស់លោក គឺនាយករដ្ឋមន្ត្រីអង់គ្លេសបច្ចុប្បន្ន បែជាព្យាយាមនាំអង់គ្លេសចេញពីសហគមន៍អឺរ៉ុបវិញ។
សារព័ត៌មាន រ៉យទ័របានផ្សាយថា នាយករដ្ឋមន្ត្រី Boris Johnson ជាបុគ្គលដែលសកម្មក្នុងការនាំអង់គ្លេសចេញពីអឺរ៉ុប ដោយលោកធ្លាប់បានប្រកាសថា អង់គ្លេសនឹងក្លាយជាប្រទេសដ៏ខ្លាំងក្លា ធ្វើជាម្ចាស់ខ្លួនឯងដោយមិនត្រូវការអឺរ៉ុបនោះឡើយ ៕
រូបភាព៖ AP