ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ថ្នាក់ដឹកនាំយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានដឹកនាំកម្លាំងបន្ថែមតាមបណ្ដាច្រកក្នុងទិសទី២ ច្រកអន្តរជាតិដូង (ខេត្តបាត់ដំបង) ទិសទី៣ ច្រកអន្តរជាតិប៉ៃលិន (ខេត្តប៉ៃលិន)។
ថ្នាក់ដឹកនាំយោធភូមិភាគទី៥ បានធ្វើការផ្ដាំផ្ញើដល់កម្លាំងដែលឈរជើងនៅតាមបណ្ដាច្រកត្រូវសហការគ្នាយ៉ាងស្អិតរមួតជាមួយអាជ្ញាធរនិងកម្លាំងពាក់ព័ន្ធពិសេស គឺក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់អនុវត្តឲ្យបានដាច់ខាតតាមបទបញ្ជារបស់សម្តេចប្រមុខរាជរដ្ឋាភិបាលដើម្បីចូលរួមការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ថែមពីនេះបានត្រួតពិនិត្យពង្រឹងការងារសន្តិសុខព្រំដែននិងអប់រំណែនាំដល់ពលករដែលឆ្លងដែនមកកម្ពុជា ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវពាក់ម៉ាសជាប្រចាំ ឧស្សាហ៍លាងដៃសម្អាតជាមួយជែល សាប៊ូ អាល់កុល ឱ្យបានញឹកញាប់ និងត្រូវមានគម្លាតសុវត្ថិភាព១ម៉ែត្រកន្លះ ឡើងទៅ ។
ការចុះត្រួតពិនិត្យកម្លាំងនិងបន្ថែមកម្លាំងតាមបណ្ដាច្រកក្នុងទៅយោធភូមិភាគទី៥ នាពេលនេះធ្វើឡើងក្រោយពីមានបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញកាលពីល្ងាចថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ បញ្ជាឲ្យផ្នែកដឹកជញ្ជូនត្រូវផ្អាកការដឹកជញ្ជូនបងប្អូនដែលមកពីប្រទេសថៃ ទៅតាមបណ្តាខេត្តហើយត្រូវពង្រឹងសមត្ថភាពនៃការធ្វើចត្តាឡីស័កនៅតាមច្រកព្រំដែន ដែលយើងបានកំណត់ទីតាំងហើយត្រូវយកសំណាកនៅទីនោះធ្វើចត្តាឡីស័កនៅទីនោះក្នុងរយៈពេល ១៤ថ្ងៃ ។
ការដាក់បទបញ្ជាយ៉ាងដាច់ណាត់ថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីរកឃើញមានករណីឆ្លងនាំចូលពីប្រទេសថៃមកកម្ពុជា ហើយសម្តេចចេញបទបញ្ជាថ្មីនេះគឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ចូលសមាគមក្នុងប្រទេសកម្ពុជាសាជាថ្មីម្ដងទៀត៕
ដោយ៖សូ រិយា