កម្ពុជាទទួលបានទេសចរជិត ៧០ម៉ឺននាក់​ ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២១​,​ នេះបេីតាមការអះអាងពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍

ចែករំលែក៖

ភ្នំពេញ៖ នាឱកាសចូលឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ កម្ពុជាមានភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះរាជធានីភ្នំពេញទទួលបានភ្ញៀវច្រើនជាងគេ។​ នេះបេីតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១​។ 

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នាឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ យើងទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៦៩៧,០៦៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ២,៦៥៨ នាក់»។

លេីសពីនេះទៅទៀត​ លោករដ្ឋមន្ត្រី​ បានបញ្ជាក់អំពីគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនដែលភ្ញៀវទេសចរបានទៅទស្សនា ក្នុងនោះរួមមាន៖

* រាជធានីភ្នំពេញ៖ ៥០០,១៦៦ នាក់

* ខេត្តព្រះសីហនុ៖ ៥១,៥៧០ នាក់

* ខេត្តកែប៖ ៥១,១៦៨ នាក់

* ខេត្តសៀមរាប៖ ២៥,២០៤ នាក់

* ខេត្តកំពត៖ ១៨,៨៧០ នាក់

* ខេត្តកំពង់ស្ពឺ៖ ១១,៧៨៧ នាក់

* ខេត្តបាត់ដំបង៖ ៦,៥៤០ នាក់

* ខេត្តកំពង់ចាម៖ ៦,៤៩៨ នាក់

* ខេត្តកោះកុង៖ ៣,១១៦ នាក់។

មិនតែប៉ុណ្ណោះលោក​ ថោង​ ខុន​ បានបង្ហាញការកត់សម្គាល់ថា ឆ្នាំនេះខុសពីឆ្នាំមុន ពោលគឺមិនមានការរៀបចំពិធីទទួលឆ្នាំថ្មី ការប្រគុំតន្រ្តី និងការជួបជុំជាទ្រង់ទ្រាយធំដែលមានការរៀបចំ ជាកម្មវីធីនោះទេ។ ដោយឡែក ចំពោះរាជធានីភ្នំពេញ តាមការវាយតម្លៃបឋមរបស់អាជ្ញាធរមានប្រជាពលរដ្ឋប្រមាណជាង ៥០ ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេ មុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វា និងវិមានឈ្នះ-ឈ្នះជាដើម។

លោករដ្ឋមន្រ្តី​ បន្តថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមួយចំនួន បានជ្រើសរើសដើរកម្សាន្តឆ្លងឆ្នាំនៅតាមគោលដៅទេសចរណ៍តាមរាជធានី-ខេត្ត ពិសេសគោលដៅសំខាន់ៗដូចបានជម្រាបជូនខាងលើ ខណៈបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋានឯកជន និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញទាំងអស់។ ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន ពិសេសនៅតាម Sky Bar នានា។

ដោយឡែកចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ទៀតសោត ក៏មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេនៅយប់ឆ្លងឆ្នាំ។ គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានខិតខំអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍។

គួរបញ្ជាក់ថា កន្លែងដែលមានការប្រមូលផ្តុំច្រើនមានដូចជា៖​ តាមបណ្តោយទន្លេចតុមុខ និងផ្សាររាត្រី នៅរាជធានីភ្នំពេញ ក៏ដូចជាមណ្ឌលកម្សាន្ត Pub Street នៅក្រុងសៀមរាបជាដើម មានការចុះពិនិត្យ និងណែនាំដិតដល់ពីគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត។

ជាមួយគ្នានេះ​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ​ បានបង្ហាញការជឿជាក់ថា បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនឹងបន្តដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានារហូតដល់ចុងសប្តាហ៍៕

...

ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print