ជនសង្ស័យ​មួយក្រុម​ជំនាញ​លួច​យក​ម៉ូតូ​ដ៏​សកម្ម​នៅ​សៀមរាបយកមកលក់នៅផ្សារឃ្លាំងរំសេវភ្នំពេញ

ចែករំលែក៖

ខេត្តសៀមរាប​៖ កម្លាំង​នគរបាល​ក្រុង​សៀមរាប​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​មួយក្រុម ពាក់ព័ន្ធ​ករណី​កាច់​សោកលួច​ម៉ូតូ​ដ៏​សកម្ម​​៦​នាក់ ជា​បន្តបន្ទាប់ ហើយ​ជនសង្ស័យ​បាន​សារភាពថា ម៉ូតូ​ទាំងអស់​ដែល​គេ​លួចបាន គឺ​រូបគេ​បាននាំគ្នា​យកទៅលក់​នៅ​ផ្សារ​ឃ្លាំង​រំសេវ នៅឯ​រាជធានី​ភ្នំពេញ ។​

​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ បានចេញ​របាយការណ៍​ថា នៅ​ចន្លោះ​​ម៉ោង​០២​​រំលងអធ្រាត្រ រហូតដល់​ម៉ោង​០៤ទៀបភ្លឺថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅ បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ករណី​លួច​កាច់​សោ ក ម៉ូតូ ចំនួន​២​គ្រឿង ជា​បន្តបន្ទាប់ នៅ​ចំណុច​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប កម្លាំង​នគរបាល​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ដា ចំរើន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បានចេញ​ល្បាត ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ ដោយមាន​ការចូលរួម​ផ្តល់ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ យើង​បាន​ប្រទះឃើញ ជនសង្ស័យ​​៣​នាក់ ​នាំគ្នា​ដើរ​បណ្តើរ​ម៉ូតូ​​២​គ្រឿង​តាមផ្លូវ ពេល​ឃើញ​កម្លាំង​ល្បាត​ទៅដល់ ជនសង្ស័យ បាននាំគ្នា​ទុក​ម៉ូតូ​ចោល ហើយ​នាំគ្នា​រត់គេចខ្លួន តែ​ត្រូវបាន​កម្លាំង​ល្បាត និង បងប្អូន​ប្រជាពលរដ្ឋ ដេញតាម​ចាប់​ជនសង្ស័យ​បាន​ម្នាក់​(​ឈ្មោះ លី លី​វណ្ណ​លី​តា​) ចំណោម​០៣​នាក់ យកមក​ធ្វើការ​សាកសួរ​នាំ និង​ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង ។​

​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប បាន​បញ្ជាក់ថា ម៉ូតូ​ចំនួន​២​គ្រឿង​ដែល​សមត្ថកិច្ច​ធ្វើការ​ដកហូត​បានរួម​មាន ទី​១ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ ពាក់ស្លាកលេខ​សៀមរាប 1L-2371 លេខ​តួ​/​លេខ​ម៉ាស៊ីន ៨៥០០៥៨៦ ។ ទី​២ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាកលេខ សៀមរាប 1Z-4246 ។​

​បន្ទាប់ពី​បាន​នាំខ្លួនជនសង្ស័យ​មកដល់​អធិការដ្ឋាន​ន​គ​របាល​ក្រុង​សៀមរាប ភ្លាមៗ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ វរសេនីយ៍ទោ នួន ស័ក្តិ​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ព្រហ្មទណ្ឌ​បានធ្វើ​ការសាកសួ​នាំ ជនសង្ស័យ​រូបនេះ​បាន​ឆ្លើយ​សារភាពថា រូបគេ​មានឈ្មោះ លី លី​វណ្ណ​លី​តា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប និង​បក្ខពួក​ ​២​នាក់​ទៀត មានឈ្មោះ អាន បញ្ញា ឬ លី អាន​សុខ​បញ្ញា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម​ន្ទ​ប់​ជួល​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប និង​ឈ្មោះ ព្រំ សាក់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ ​២​គ្រឿង របស់​ប្រជាពលរដ្ឋ​រងគ្រោះ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ពិតមែន​។​

​យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទី​១ និង​ដោយមាន​ការឯកភាព​និង​ដឹកនាំ​បញ្ជារ​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ យើង​បាន​បន្តធ្វើ​ការស្រាវជ្រាវ និង​ឈានដល់​ការនាំ​ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​បន្ថែមទៀត មាន ឈ្មោះ អាន បញ្ញា និង​ឈ្មោះ ព្រំ សាក់ មក​ធ្វើការ​សួរនាំ ក្រោយពី​ការសួរនាំ​ជនសង្ស័យ​ទាំងពីរ​នាក់ បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្ម ភាព​លួច​យក​ម៉ូតូ​របស់់​ជនរងគ្រោះ​ទាំងពីរ​គ្រឿង​ខាងលើ ពិតប្រាកដ​មែន ហើយ​ជនសង្ស័យ​ទាំងបី​នាក់ បាន​ឆ្លើយ​សារភាព​បន្តទៀតថា កន្លងមក​ពួកគេ​ធ្លាប់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ នៅក្នុង​ក្រុង​សៀមរាប​ជាច្រើន​ករណី​ផ្សេងទៀត​មានដូចជា​៖

-​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ម៉ោង​០១ រំលងអធ្រាត្រ ស្ថិតនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ពួកគេ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ចំនួន ២ គ្រឿង​គឺ​ទុក​នៅឯ​មុខផ្ទះ ដោយ​មិនបាន​ចាក់សោ​សុវត្ថិភាព​អ្វី​ទាំងអស់ ម៉ូតូ ទី​១ -​មាន​ម៉ាក BAJAJ DOMINAR ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ ២០១៨ ស្លាកលេខ​សៀមរាប 1AC-5417 និង​១​គ្រឿង​ទៀត​ម៉ាក Yamaha Fino ពណ៌ ស ស៊េរី​ឆ្នាំ ២០១២ ស្លាកលេខ សៀមរាប 1K-8847 របស់​ជនរងគ្រោះ​ឈ្មោះ Jayue well ភេទ ស្រី អាយុ ២៩ ឆ្នាំ​ជនជាតិ​អាហ្វ្រិក ស្នាក់នៅ​ផ្ទះជួល​ដាច់​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ដោយ​ម៉ូតូ​ទាំង​២​គ្រឿង​នេះ​ជនសង្ស័យ​ឈ្មោះ អាន បញ្ញា បាន​ឆ្លើយ​សារភាពថា រូបគេ​បានធ្វើ​សកម្មភាព​លួច​ជាមួយ ប្អូនស្រី​បង្កើត​របស់គេ​ឈ្មោះ លី វណ្ណ​លី​តា និង​ប្រពន្ធ​របស់គេ​ឈ្មោះ នី ស្រី​ណា ភេទ​ស្រី អាយុ ២០​ឆ្នាំ ហើយ​ជនសង្ស័យ​ឈ្មោះ អាន បញ្ញា បាន​ឆ្លើយ​សារភាព​បន្តទៀតថា កន្លងមក​បាន​ឲ្យ​ប្អូនប្រុស​របស់គេ ឈ្មោះ លី ឈិន​ឡុង អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល បាន​យក​ឡាន​របស់គេ​មួយគ្រឿង​ម៉ាកតូយ៉ូតា HIGHLANDER ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០១ ដឹក​ម៉ូតូ​យកទៅលក់ នៅ​រាជធានី​ភ្នំពេញ​ចំនួន ២​លើក​។

​បន្ទាប់មក​សមត្ថកិច្ច​យើង​បាន​នាំខ្លួន​ឈ្មោះ លី ឈិន​ឡុង មក​​សួរនាំ ជនសង្ស័យ​រូបនេះ បាន​ឆ្លើយ​បដិសេធថា រូបគេ​ពុំបាន​ធ្វើ​សកម្មភាព ដូច​អ្វីដែល​ជនសង្ស័យ​ឈ្មោះ អាន បញ្ញា បាន​ឆ្លើយ​ចោទប្រកាន់​នោះទេ​។ ប៉ុន្តែ​យើង​នៅតែ​បន្តឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ ដោយ​យោងតាម​លទ្ធផល​ធ្វើតេស្ត​រកសា​ធាតុ​ញៀន នូវក្នុង​ទឹកនោម គឺ​វិជ្ជមាន ។​

​បន្ទាប់មកទៀត នៅ​ម៉ោង​០៨​និង​៣០ នាទី​ព្រឹក ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​យើង​បាន​ឆែកឆេរ​បន្ទ​ប់​ជួល របស់​ជនសង្ស័យ​ឈ្មោះ អាន បញ្ញា រកឃើញ​វត្ថុតាង​មួយចំនួន​នៅក្នុង​បន្ទប់​របស់គេ​រួមមាន​៖
-​កន្ត្រៃ​សម្រាប់​កាត់ដេរ (​ទំហំ​៣៦​អ៊ីង​) ម៉ាក់ kingwa ពណ៌​បៃតង​ចំនួន​១​ដើម -​ញញួរ​ដែក ដង​ជ័រ​ពណ៌​ខ្មៅ​ចំនួន​១ -​ម៉ូ​ទ័​រ​សម្រាប់​កាត់​ដែក ធុន​តូច ម៉ាក​NIKATEC ពណ៌​ស្លា​ទុំ​-​ខ្មៅ ចំនួន ១​គ្រឿង -​ទួ​ណឺ​វី​ស ចំនួន​៣​ដើម ដែលមាន​ផ្លែ​ច្នៃ សម្រាប់​កាច់​សោ ក ម៉ូតូ ចំនួន​១​ដើម​ដែកឆាប ដង​ជ័រ ពណ៌​ផ្កាឈូក​ចំនួន​១​ដើម -​ដង​សោ​អក្សរ​T ​សោមា​ត់​-​ខ្សៀ ទំហំ​១០​មី​លី្ល​ម៉ែត្រ ​១​ដើម -​ដង្កាប់​ដង​ជ័រ ពណ៌​ក្រហម​-​លឿង ​១ -​អាវ​ម៉ូតូ ផ្នែក​ខាងស្ដាំ ពណ៌​ខ្មៅ ចំនួន​១ ជា​អាវ​ម៉ូតូ​របស់ ម៉ូតូ​ហុងដា​ឌ្រី​ម​។ -​ឧបករណ៍​កែច្នៃ​សម្រាប់ ជក់​គ្រឿងញៀន​មួយចំនួនទៀត ។​

​ជនសង្ស័យ​ឈ្មោះ អាន បញ្ញា ឬ លី អាន​សុខ​បញ្ញា បាន​ឆ្លើយ​សារភាព​បន្ថែមថា កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ម៉ោង​០៤​​ទៀបភ្លឺ នៅត្រង់ចំណុច បុរី​អង្គរ​ផា​លេស ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប រូបគេ និង​ប្រពន្ធ​ឈ្មោះ នី ស្រី​ណា បានធ្វើ​សកម្មភាព​លួច​កាច់​សោ ក ម៉ូតូ បាន​ម៉ូតូ​ចំនួន​២​គ្រឿង​រួមមាន១ម៉ាកហុងដា ​zoomer-x ពណ៌​ស ស៊េរី​២០២០ ពាក់​ស្លាកលេខ​សៀមរាប​1AG-3101 ទី​២ ម៉ាកហុងដា scoopy ពណ៌​ស ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាកលេខ​សៀមរាប 1V-4760 នៅ​ចំណុច​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​- ខេត្តសៀមរាប ។ បន្ទាប់មក​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ ២០២០ ​ម៉ោង​០៣​និង​៤០​នាទី​ទៀបភ្លឺ នៅត្រង់​មុខ​បន្ទប់​ជួល​ស្ថិតក្នុង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប ឈ្មោះ អាន បញ្ញា ឬ លី អាន​សុខ​បញ្ញា និង​ប្អូនស្រី​ឈ្មោះ លី វណ្ណ​លី​តា រួមទាំង​ឈ្មោះ ព្រំ សាក់ បាននាំគ្នា​មក​ធ្វើ​សកម្មភាព លួច​កាច់​សោ ក ម៉ូតូ​បាន​ចំនួន ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ គ្មាន​កុង​ទ័​រ ចំពោះ​ម៉ូតូ​ទាំងអស់​ដែល​គេ​លួចបាន គឺ​រូបគេ​បាននាំគ្នា​យកទៅលក់​នៅ​ផ្សារ​ឃ្លាំង​រំសេវ នៅឯ​រាជធានី​ភ្នំពេញ ។​

​បច្ចុប្បន្នជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print