អគារឈាបនដ្ឋាន បានបាក់ស្រុតដំបូង ក្នុងពេលមានមនុស្សជាច្រើនទៅបូជាសពសាច់ញ្ញាតិរបស់ខ្លួនបណ្តាលឲ្យមានអ្នកស្លាប់ ដល់ទៅ១៧ នាក់។
ក្រោយទទួលបានព័ត៌មាន អភិបាលរដ្ឋ Uttar Pradesh លោក Yogi Adityanath បានបញ្ជាឲ្យមន្ត្រីក្នុងស្រុក Ghaziabad បង្កើនសកម្មភាពជួយមនុស្សដែលជាប់គាំងក្រោមគំនរបាក់បែក។ ការបាក់ស្រុតនោះបណ្តាលឲ្យមនុស្ស ១៧នាក់ស្លាប់ និង រាប់សិបនាក់រងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើង នៅរសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២១។ ទីតាំងដែលរងគ្រោះគឺមានចម្ងាយពីរដ្ឋធានីញូវដេលីតែ៥៣គីឡូម៉ែត្រប៉ុណ្ណោះ។
តាមការលើកឡើងពីមន្ត្រីក្នុងស្រុក Ghaziabad ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើង ក្នុងពេលដែល មានមនុស្សជាច្រើនបានបញ្ជូនសពសាច់ញ្ញាតិអាយុ៦៥ឆ្នាំទៅបូជា នៅឈាបនដ្ឋានខាងលើ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានមនុស្ស ប្រមាណ៣០ទៅ៣៥នាក់ គប់នៅក្រោមគំនរអគារបាក់បែកនៅឡើយទេ។ មកទល់ពេលនេះក្រុមជួយសង្គ្រោះបានជួយមនុស្ស២០នាក់ចេញពីគំនរអគារបាក់បែក ក្នុងនោះមាន១៧នាក់ស្លាប់ ។
អភិបាលរដ្ឋ Uttar Pradesh បានប្រកាសថា នឹងជួយដល់គ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុខាងលើ ៕ដោយ៖ធីរីណា