ភ្នំពេញ ៖ បុរសម្នាក់រួមនិងមិត្តភ័ក្ត៤ទៅ៥នាក់ បានចេញពីផឹកសុីនៅក្រុងតាខ្មៅហេីយឡេីងមកចាក់អង្រែក្រោមវិញ ដោយសារតៃកុងស្រវឹងខ្លាំងពេកក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត រួចព្យាយាមបេីកគេចធ្វេីឲ្យកង់រថយន្តចំហៀងខាងឆ្វេងទាំងមុខនិងក្រោយបែកទាំង២ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោងវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
តាមសម្ដីតៃកុងរថយន្តបង្កម៉ាក TriTon ពណ៌ខ្មៅ ពាក់ស្លាកលេខចង្កូតស្ដាំ PP-9889 បានប្រាប់អ្នកសារព័ត៌មានទាំងស្រវឹងថា មុនពេលកេីតហេតុ រូបគាត់និងមិត្តភ័ក្ត៤-៥នាក់បានចេញពីផឹកសុីនៅក្រុងតាខ្មៅ ហេីយរូបគាត់ក៏ជូនមិត្តភ័ក្តមកផ្ទះវិញនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ខណ:មិនទាន់ដល់គោលដៅផងក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តក៏បែកកង់មុខផងដែរតែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡេីយ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ក្រោយពីបង្កហេតុរួច តៃកុងរថយន្តបង្កបានព្យាយាមបេីករត់ចេញពីកន្លែងកេីតហេតុប្រហែល៥០០ម៉ែត្រ ទាំងបែកកង់មុខនិងកង់ក្រោយ ធ្វេីឲ្យផ្អេីលដល់អ្នកដំណេីររាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យមកឃាត់រថយន្តបង្កតែម្ដង ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ។ ចំណែកតៃកុងរថយន្តបង្កសមត្ថកិច្ចមិនឃាត់ខ្លួនទេ ដោយសារតែមិនបង្កឲ្យមនុស្សរងរបួស ៕ ដោយ៖ ភារ៉ា ដង្កោ