ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកចូ បៃឌិន នឹងទទួលបានការហែហមពីកម្លាំងទាហានទៅកាន់សេតវិមាន ក្រោយពិធីស្បថចូលកាន់តំណែងនៅវិមានកាពីតូលរួច។ គណៈកម្មការរៀបចំពិធីចូលកាន់តំណែងប្រធានាធិបតី(PIC) នៅថ្ងៃទី៣ខែមករាបានប្រកាសថាក្រោយស្បថចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា លោកបៃឌិន នឹងទទួលបានការដង្ហែពីកម្លាំងទាហានទៅកាន់សេតវិមាន ជំនួសក្បួនព្យុហយាត្រាពីវិមានកាពីតូលទៅកាន់សេតវិមានដូចទម្លាប់របស់ប្រធានាធិបតីមុនៗ។ លោកTony Allen ប្រធានគណៈកម្មការ PICបានប្រកាសថា «នៅក្នុងពិធីស្បថចូលកាន់តំណែង មានប្រពៃណីដ៏សំខាន់នោះគឺការដង្ហែក្បួនទៅកាន់សេតវិមាន ប៉ុន្តែដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋ កម្លាំងទាហាននឹងដង្ហែលោកបៃឌិនទៅកាន់សេតវិមាន។ ប្រធានាធិបតីជាប់ឆ្នោតចូ បៃឌិន និងភរិយា Jill Biden ព្រមទាំងអនុប្រធានាធិបតី Kamala Harris និងស្វាមីលោកDoug Emhoff នឹងចូលរួមនៅក្នុងក្នុងពិធី “Pass in Review” ដែលជាពិធីប្រពៃណីក្នុងការផ្ទេរអំណាច រវាងរដ្ឋាភិបាលនិឹងវិមានកាពីតូល។ ពិធីដង្ហែលោកបៃឌិនទៅកាន់សេតវិមានក្រោយស្បថចូលកាន់តំណែង ក្បួនដង្ហែរួមមានតំណាងកម្លាំងទាហាន ក្រុមចម្រៀងយោធា កម្លាំងការពារពិសេសមកពីអគ្គទីបញ្ជាការកម្លាំងទាហានអាមេរិក… ។ ពិធីដង្ហែក្បួនរបស់លោកបៃឌិន នឹងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ចំណែកអ្នកចូលរួមដង្ហែរក្បួននឹងត្រូវប្រកាសក្នុងពេលដ៏ខ្លីខាងមុខ។ ពិធីនឹងត្រូវបានផ្សាយផ្ទាល់បញ្ចៀសការ ជួបជុំគ្នានាំឲ្យឆ្លងកូវីដ-១៩៕
ធី រីណា