អំណោយម៉ាស់ជាង២លាន និងបរិក្ខារពេទ្យមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើពិធីប្រគល់និងទទួលដល់រដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ហើយ

ចែករំលែក៖

ប្រទេសនេប៉ាល់៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យ សរុបចំនួន១២មុខនត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេសព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសនេប៉ាល់នៅវេលាម៉ោង១១ថ្ងៃត្រង់ម៉ោងនៅព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ។

ពិធីប្រគល់ និងទទួល ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម រាយដេអេស ធ្រីបភើស៊ី រដ្ឋមន្ត្រីសុខាភិបាល និងប្រជាជន នៃប្រទេសនេប៉ាល់ ។

នៅក្នុងពិធីប្រគល់ និងទទួលនោះ  លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីអមនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា 

សូមពាំនាំនូវបណ្តាំសាកសួរសុខទុក្ខ និងពរជ័យសព្ទសាធុការពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ លោក ខេ ភី សាម៉ា អូលី នាយករដ្ឋមន្រ្តី នៃប្រទេសនេប៉ាល់។ និងតាងនាមឳ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏សូមជូនពរដល់ប្រជាជននេប៉ាល់ជាមិត្ត សូមជួបប្រទះតែសុខមាលភាព សុភមង្គលសម្បូរណ៏រុងរឿង និងទទួលបាននូវជ័យជម្នះនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ខ្លួន។

លោក អ៊ុច បូររិទ្ធ មានប្រសាសន៍ថាការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើ៎អោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រប់ទិដ្ឋភាពនៃជិវិតរបស់មនុស្ស ដោយបាននាំមកនូវបញ្ហាប្រឈមជាច្រើន មិនត្រឹមតែសុវត្ថិភាពសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឳ្យខូចខាតយ៉ាងខ្លាំង ដល់ខ្សែសង្វាក់ផ្គត់ផ្គង់និងការចល័តរបស់ប្រជាជន ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចគ្រប់ប្រទេសនៅជុំវិញពិភពលោកធ្លាក់ចុះ។ នៅក្នុងបរិបទនេះ ការឆ្លើយតបជាសមូហភាព និងសាមគ្គីភាព នៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី គឺមិនអាចខ្វះបានទេ ដើម្បីដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺដ៏សាហាវនេះ និងធានាបាននូវការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព នៅដំណាក់កាលក្រោយជំងឺរាតត្បាត។

ក្នុងបរិយាកាសនេះ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រគល់អំណោយជាម៉ាសចំនួន ២ លាន និងសម្ភារបរិក្ខារវេជ្ជសាស្រ្តផ្សេងទៀត ពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជននេប៉ាល់ ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់នេប៉ាល់ ក្នុងការបង្កាការពារ និងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺឆ្លងនេះ។

លោកបានបន្ថែមទៀតថា អំណោយមនុស្សធម៌នៅក្នុងឱកាស​នេះ គឺជាសក្ខីភាពនៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសាមគ្គីមិត្តភាពស្និទ្ឋស្នាលរវាងប្រជាជនកម្ពុជា និងប្រជាជននេប៉ាល់ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិសុខភាពពិភពលោក។

លោក បានកត់សំគាល់ឃើញថា ចំណងមិត្តភាពរវាងកម្ពុជា និងនេប៉ាល់ មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ និងកិច្ចសន្ទនានៅគ្រប់កម្រិត ជាញឹកញាប់ រវាងភាគីទាំងពីរ ។ អ្វីដែលសំខាន់បំផុតនោះគឺ ទស្សនកិច្ចប្រកបដោយផ្លែផ្កា និងជាប្រវត្តិសាស្ត្ររបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅនេប៉ាល់ ក្នុងឆ្នាំ២០១៨ និងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ខេ ភី សាម៉ា អូលី នៅកម្ពុជា ក្នុងឆ្នាំ២០១៩ ដែលនៅក្នុងឳកាសនោះ កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានចុះហត្ថលេខា។

ជាមួយនឹងសេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសយើងទាំងពីរ លោកជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលមានស្រាប់រវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួម នៅក្នុងតំបន់ និងពិភពលោក។

ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនេប៉ាល់ និងសហគមន៍អន្តរជាតិ ដើម្បីជំនៈលើការរាតត្បាតនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដ៏មានសក្តានុពលយូរអង្វែងមកលើជីវភាពរស់នៅរបស់ប្រជាជន។​

 បើតាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា «នេះជាលើកទី៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស១លាន និងសម្ភារមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលកម្ពុជាបានដឹកជញ្ជូនតាមយន្តហោះ និងបានប្រគល់ជូនរដ្ឋាភិបាលនិងប្រជាជននេប៉ាល់នៅថ្ងៃទី៤ មករា ឆ្នាំ២០២១នេះ។

លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

លោកជំទាវបានគូសបញ្ជាក់ថា ដោយបច្ចុប្បន្ននេះ ប្រទេសនេប៉ាល់ កំពុងតែប្រឈមមុខខ្ពស់នូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដូច្នេះសម្ភារបរិក្ខាររបស់កម្ពុជាយើង នឹងចូលរួចចំណែកក្នុងការទប់ស្កាត់បានមួយចំណែកផងដែរ។

លោកស្រីបានបន្ដថា «សម្រាប់កម្ពុជា ក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងបានគ្រប់គ្រងបានយ៉ាងទាន់ពេលវេលា ក្នុងការទប់ការស្កាត់រីករាលដាលទ្រង់ទ្រាធំ ក៏ប៉ុន្ដែ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋយើង បន្ដគោរពឱ្យបានខ្ជាប់ខ្ជួន នូវវិធានការពារនានារបស់ក្រសួងសុខាភិបាល ខណៈដែលប្រទេសថៃ កំពុងតែមានការករណីឆ្លងថ្មីកាន់តែច្រើន។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយជាម៉ាស និងបរិក្ខារពេទ្យជូនដល់បណ្តាប្រទេសចំនួន ៣រួចមកហើយ រួមមានរដ្ឋាភិបាលឡាវ បានផ្តល់ម៉ាស់ចំនួន ២លាន និងបរិក្ខារពេទ្យមួយចំនួន, រដ្ឋាភិបាលមីយ៉ាន់ម៉ា ម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន និង រដ្ឋាភិបាលទីម័រឡេស្ត ម៉ាសចំនួន ១លាន ៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួន។ ដោយឡែកនៅឆ្នាំ ២០២១នេះរាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់អំណោយ ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់បន្តទៀត រួមមា ម៉ាស និងបរិក្ខារពេទ្យសរុប ១២មុខ ដែលជំនួយសម្ភារបរិក្ខារពេទ្យទាំងនេះ គឺសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនដល់បណ្តាប្រទេសជាមិត្ត ជាការបង្ហាញឱ្យឃើញនូវកាយវិការមនុស្សធម៌របស់កម្ពុជា និងជាស្មារតីចូលរួមដ៏មុតមាំមួយរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

           

...

ប្រភព៖ ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print