ភ្នំពេញ៖បើយោងតាមបណ្តឹងមួយដាក់ចូលអង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ គឺមានបុគ្គលឈ្មោះ ចាន់ ថុល អាយុ ៥៣ឆ្នាំ និងប្រពន្ធឈ្មោះ ជា សុខលី អាយុ ៥៥ឆ្នាំ ស្នាក់នៅផ្ទះលេខ ៤០ ផ្លូវលំ ភូមិ ជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបោកលុយពីបុរសអាយុ ៥៨ឆ្នាំ និងប្រពន្ធ អាយុ ៣៨ឆ្នាំ ស្នាក់នៅក្នុង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចំនួន ១៥ ម៉ឺនដុល្លារ កាលពីខែមករា ២០២០ ហើយគេចខ្លួនបាត់។ នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២០ ពីរនាក់ប្តីប្រពន្ធ ជំនាញខាងបោកលុយឈ្មោះ ចាន់ ថុល និងឈ្មោះ ជា សុខលី បានលួងលោម និងបោកបញ្ឆោតជនរងគ្រោះសុំខ្ចី លុយ ១៥ ម៉ឺនដុល្លារ ដោយដាក់តម្កល់ប្លង់ដី ១ច្បាប់ និង មូលប្បទានបត្រ ១សន្លឹក ដើម្បីធានាបំណុល ។ លុះដល់ខែមេសា ឆ្នាំ ២០២០ ជិតដល់ថ្ងៃសងប្រាក់ភាគីម្ចាស់ ប្រាក់ (ជនរងគ្រោះ) បានទូរស័ព្ទទៅរំលឹក ២ នាក់ ប្តី ប្រពន្ធឆបោកនោះថា ជិតដល់ថ្ងៃសងប្រាក់ហើយ។ ប៉ុន្តែ ២នាក់ប្តីប្រពន្ធខិលខូចនោះតបមកវិញថា សុំពន្យារ ពេលសងប្រាក់ដើមតែភាគីជនរងគ្រោះមិនយល់ព្រម។ ក្នុងពាក្យបណ្តឹងបានបន្តថា លុះដល់ថ្ងៃកំណត់សង ប្រាក់ ២នាក់ប្តីប្រពន្ធខិលខូចនោះបិទទូរស័ព្ទគ្រប់ប្រព័ន្ធ និង រត់គេចខ្លួនបាត់។ ក្រោយពីដឹងថា រឿងនេះមិន ស្រួលភាគីរងគ្រោះ បានទៅសុំផ្ទេរសិទ្ធិដីធ្លី នៅមន្ទីរសុរិយោដី ទើបដឹងថា ពួកខ្លួនចាញ់បោកគេ។ ដោយមន្ត្រី សុរិយោដីបញ្ជាក់ថា ការចុះបញ្ជីផ្ទេរសិទ្ធិលើអចលនវត្ថុនេះ មិនមែនជាអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ដីពិតប្រាកដ និងស្របច្បាប់ ដែលតម្កល់ទុកពេលកសាងប្លង់រឹងនេះមិនមែនអត្តសញ្ញាណប័ណ្ណឈ្មោះ ចាន់ ថុល និងឈ្មោះ ជា សុខលី ទេ ហើយដីនេះក៏មិនមែនជាកម្មសិទ្ធិរបស់ជន ២នាក់នេះដែរគឺ ឈ្មោះទាំង ២ នាក់នេះបានប្រើប្រាស់ប្លង់ ដីក្លែងក្លាយមកបោកប្រាស់ជនរងគ្រោះ។
ក្រោយមក អ្នកទាំងពីរនាក់នេះ និងក្មួយរបស់ខ្លួនម្នាក់ទៀត ឈ្មោះ ឡោ ឆេងហុង ភេទប្រុស ថ្ងៃខែឆ្នាំ កំណើត ២៥ -០៥-១៩៩១ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខៈ ០១១៦ ១២១៧៤៥ ចុះថ្ងៃទី ២៥-០២ ២០១៦ អាសយដ្ឋានបច្ចុប្បនៈ ផ្ទះលេខ ១៤ ផ្លូវ០២ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រុងភ្នំពេញ បានប្រើល្បិចកល ដដែលទៅខ្ចីប្រាក់ ចំនួន ២៥ ម៉ឺនដុល្លារ ពីស្ត្រី អាយុ ៤០ឆ្នាំ ម្នាក់ផ្សេងទៀតដែលស្នាក់នៅក្នុងខណ្ឌទួលគោក ដោយប្រើវិធីសាស្ត្រក្លែងឯកសារដូចអ្នកទី ១ ខាងលើដែរ ។
ដោយចាញ់បោកទាំងភ្នែកស្រស់យ៉ាងដូច្នេះហើយទើបភាគីរងគ្រោះទី ១ បានប្តឹងទៅក្រសួងមហាផ្ទៃ ពី បទ ឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ហើយជនរងគ្រោះទី ២ បានប្តឹង ទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពាក់ព័ទ្ធនឹងបទល្មើសដូចជនរងគ្រោះទី ១ ដែរ។ ប៉ុន្តែរហូតមកដល់ពេល បច្ចុប្បន្ន ចំណាត់ការរបស់មន្ត្រីនគរបាលក៏មិនទាន់មានពន្លឺ ហើយជនឆបោកក៏មិនដឹងគេចខ្លួនទៅរស់ទៅទីណា? ទើបភាគីជនរងគ្រោះសុំអោយ អង្គភាព “នគរដ្រេហ្គន * មេត្តាជួយធ្វើការផ្សព្វផ្សាយ ដូចអ្វីដែលខ្លួនបានលើកឡើង និងមានពាក្យបណ្តឹង ក្រែងឮដល់ជននោះចូលមកដោះស្រាយគ្នាដោយសន្តិវិធី។ ប្រសិនបើមិនចូលខ្លួន ដោះ ស្រាយទេ សមត្ថកិច្ចអាជ្ញាធរសាធារណជន បើឃើញ ២នាក់ប្តីប្រពន្ធនេះរស់នៅទីណាសូមរាយការណ៍ មកកាន់លេខទូរស័ព្ទ ០៨១ ៨០០ ០៩៩ , ០១២ ៨០០ ០៩៩ រហូតឈានដល់ឃាត់ខ្លួនបាន យើងខ្ញុំនឹងមានជូនសា គុណជាទីគាប់ចិត្តចំនួន ៣.០០០ ដុល្លារ សូមអរគុណ៕
ដោយ៖សុខ ខេមរា