ទិដ្ឋភាពនៃអំពើហិង្សានៅក្នុងអគាររដ្ឋសភាអាមេរិកធ្វើឱ្យពិភពលោកតក់ស្លុតចំពោះប្រទេសមហាអំណាចពិភពលោក

ចែករំលែក៖

ក្រុមបាតុករបានដណ្តើមគ្រប់គ្រងវិមានកាពីតូល​​ដែលជាអគារដ្ឋសភាអាមេរិក​។ កម្លាំងប៉ូលិស​នៅខាងក្នុងរដ្ឋសភាបានដកកាំភ្លើងរារាំង​ក្រុមបាតុករ​​ ចំណែកតំណាងរាស្ត្រ​បាននាំគ្នារត់ភៀសខ្លួន ពេលក្រុមគាំទ្រលោកត្រាំព្យាយាមប្រែក្រឡាស់លទ្ធផលបោះឆ្នោត។ អ្វីដែលបានកើតឡើងនៅក្នុងរដ្ឋសភាអាមេរិក គឺជាប្រវត្តិសាស្ត្រក្នុងប្រទេសបិតាប្រជាធិបតេយ្យមិនធ្លាប់មាន ហើយបានធ្វើឲ្យពិភពលោកតក់ស្លុតយ៉ាងខ្លាំង​។
តាមសារព័ត៌មាន​​ AP ​បានផ្សាយថា​ ក្រុមបាតុករហិង្សា​ស្មោះជាមួយប្រធានាធិបតី ដូណាល់ ត្រាំ បានវាយប្រហាររដ្ឋសភា​ បំផ្លាញការបោះឆ្នោតអនុម័តឲ្យលោកបៃឌិនធ្វើជាប្រធានាធិបតី។ ភាពចលាចលបានធ្វើឲ្យកិច្ចប្រជុំសភា ដើម្បីទទួលស្គាល់លទ្ធផលបោះឆ្នោតត្រូវបានផ្អាក​។
អនុប្រធានាធិបតី អាមេរិក លោកMike Pence ក៏ដូចជាតំណាងរាស្ត្រផ្សេងទៀត ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ នៅមុនអំពើហិង្សាកើតឡើង ប្រធានាធិបតីត្រាំ​បានជួបជាមួយក្រុមបាតុករនៅមុខសេតវិមាន ហើយលោកត្រាំ​បានអំពាវនាវដល់ក្រុមបាតុករ​ឆ្ពោះទៅកាន់វិមានកាពីតូលវិញ។​ ក្រោយពេលក្រុមបាតុករសម្រុកចូលទីតាំងរដ្ឋសភា រំខានដល់ការអនុម័តលទ្ធផលបោះឆ្នោត លោកត្រាំក៏បានអំពាវនាវដល់ក្រុមបាតុករឱ្យវិលត្រឡប់ទៅផ្ទះវិញក្នុងសន្តិភាព​។ មន្ត្រីនៅសេតវិមាន​បានលើកឡើងថា ក្រុមបាតុករដណ្តើមគ្រប់គ្រងរដ្ឋសភា គឺជាមនុស្សពិសេស។
តំណាងរាស្ត្រអាមេរិក ខឹងសម្បាយ៉ាងខ្លាំងចំពោះអំពើហិង្សានៅក្នុងរដ្ឋសភា​នាថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១​ ហើយតំណាងរាស្ត្រជាច្រើននឹងចោទប្រកាន់លោកត្រាំ ជាអ្នកទទួលខុសត្រូវចំពោះ​អំពើហិង្សាទាំងនោះ។ ​សកម្មភាពខាងលើ បានធ្វើឲ្យកិត្តិយសរបស់អាមេរិកត្រូវបាត់បង់ក្នុងនាមជាប្រទេសបិតាប្រជាធិបតេយ្យនិងមហាអំណាចលើពិភពលោក​។
អំពើហិង្សានោះបណ្តាលឲ្យបុគ្គលិកសន្តិសុខជាច្រើនរងរបួស ពេលប៉ះទង្គិចជាមួយក្រុមបាតុករ​។ មានស្ត្រីម្នាក់ត្រូវគេបាញ់សម្លាប់ និងមនុស្សជាច្រើនទៀតត្រូវបានចាប់ខ្លួន។
តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ​លោកBen Sasse បានលើកឡើងថា អំពើហិង្សាមិនអាចគេចផុតនោះឡើយ ខណៈដែលលោកត្រាំ​មិនព្រមចុះចាញ់ក្នុងការបោះឆ្នោត ។ លោក​Ben Sasse បន្តទៀតថា «នៅថ្ងៃនេះ​​អគាររដ្ឋសភាអាមេរិក ដែលជាតំណាង​នៃភាពអស្ចារ្យ​បំផុត​ ដែលជាស្ថាប័នមានឥទ្ធិពល​បានរងការ វាយប្រហារពីក្រុមបាតុករ»។
តំណាងរាស្ត្រជាច្រើនមកពីគណបក្សសាធារណរដ្ឋបានបង្ហាញការមិនពេញចិត្ត​ចំពោះអំពើហិង្សា​នៅក្នុងរដ្ឋសភា​ ហើយអ្នកនៅពីក្រោយអំពើហិង្សានេះនឹងត្រូវដាក់ទោសតាមផ្លូវច្បាប់។
ក្រុមអ្នកវិភាគបានលើកឡើងថា នៅពេលដែលស្ថានភាពស្ងប់ស្ងាត់ឡើងវិញ លោកត្រាំអាចនឹងត្រូវជាប់ចោទជាច្រើនករណី ។ ក្រុមអ្នកនយោបាយអាមេរិកបារម្ភ​ខ្លាច រឿង​សម្ងាត់របស់ប្រទេសមហាអំណាចត្រូវបែកធ្លាយ ដោយសារតែចរិតឆេវឆាវរបស់លោកត្រាំ៕

             

...

ដោយ៖ធី រីណា(រូបភាព៖AP)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print