អន្តរជាតិ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៧ ខែមករា ឆ្នាំ២០២១នេះ អាជ្ញាធរឥណ្ឌូណេស៊ី សម្រេចបង្ខំជម្លៀសប្រជាជនជាង ៥០០នាក់ ដែលរស់នៅតាមជើងភ្នំមើរ៉ាពី (Merapi) ទៅរកកន្លែងមានសុវត្ថិភាព។ ខណៈភ្នំភ្លើងមើរ៉ាពី (Merapi) ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានជះកម្អែរផេះផ្សែង និងកម្ដៅឡើងលើផ្ទៃអាកាស។
បើយោងតាមសារពត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករានេះ បានចុះផ្សាយថា អ័ព្ទកំពុងគ្របដណ្តប់លើភ្នំភ្លើងនៅពេលនោះ ដូច្នេះកម្អែរផេះដ៏ក្ដៅគគុក ដែលកំពុងតែជះចេញមកនោះ មិនត្រូវបានគេមើលឃើញឡើយ។
បេីតាមប្រធានទីភ្នាក់ងារស្រាវជ្រាវ និងគ្រប់គ្រងគ្រោះ មហន្តរាយ លោក Hanik Humaida បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រហូតមកទល់ពេលនេះ គ្រោះថ្នាក់ដែលអាចកើតមានឡើង មិនលើសពី ៥គីឡូម៉ែត្រទេ»។ មិនតែប៉ុណ្ណោះទីភ្នាក់ងារស្រាវជ្រាវ និងគ្រប់គ្រងគ្រោះ មហន្តរាយឥណ្ឌូណេស៊ី បានប៉ាន់ស្មានថា កម្អែរផេះដែលជះចេញពីរណ្ដៅភ្នំភ្លើងនោះ បានរាលដាលតិចជាង ១គីឡូម៉ែត្រ។
ដោយឡែកក្នុងហេតុការណ៍នេះ នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរមូលដ្ឋាន បានជម្លៀសប្រជាជនជាង ៥០០នាក់ដែលរស់នៅតាមជើងភ្នំដែលស្ថិតនៅក្នុងស្រុកម៉ាឡេឡេង (Magelang) នៃកោះជ្វា (Java)។ អាជ្ញាធរមូលដ្ឋាន បានបង្កើនកម្រិតប្រកាសអាសន្ននៅតាមជើងភ្នំ Merapi ដល់កម្រិតខ្ពស់បំផុតទី២ កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ បន្ទាប់ពីឧបករណ៍ចាប់សញ្ញា បានបង្ហាញឲ្យឃើញថា ភ្នំភ្លើងនេះបានបង្កើនសកម្មភាពយ៉ាងខ្លាំង ដែលពេលនោះ ដំណើរទេសចរណ៍ និងដំណើររុករករ៉ែ ក៏ត្រូវបានផ្អាកផងដែរ។
សូមជម្រាបថា ភ្នំភ្លើង Merapiនេះ ដែលមានកម្ពស់ប្រមាណ ២,៩៦៨ម៉ែត្រនេះ គឺមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រពីកណ្ដាលទីក្រុងនៃខេត្ត យ៉ូកយ៉ាការតា (Yogyakarta)។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរនៅតាមតំបន់ជុំវិញនោះ បានបញ្ជាក់ថា ប្រជាជនប្រមាណមួយភាគបួនលាននាក់ រស់នៅក្នុងចម្ងាយប្រមាណ១០គីឡូម៉ែត្រពីភ្នំភ្លើងនេះ៕ដោយ៖ស តារា
រូបភាព(Antara Photo/Rudi)