ក្លិបបាល់ទាត់នៃលីគកំពូលរបស់អង់គ្លេស Manchester City បានប្រកាសថា អតីតកីឡាករ Colin Bell បានទទួលមរណភាពហើយក្នុងជន្មាយុ៧៤ឆ្នាំ ដោយសារជំងឺប្រចាំកាយរុំារ៉ៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះបង្ហាញខ្លួនឲ្យក្លិប Man City បានចំនួន៥០១ប្រកួតនៅចន្លោះឆ្នាំ១៩៦៦ និងឆ្នាំ១៩៧៩ ដោយស៊ុតបញ្ចូលទីបាន១៥៣គ្រាប់។ គាត់រកបាន៤៨គ្រាប់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសមុនពេលចូលនិវត្តន៍។
សេចក្តីថ្លែងការណ៍របស់ក្លិប Man City បានឲ្យដឹងថា “មានកីឡាករតិចតួចណាស់ដែលបានបន្សល់ទុកនូវស្លាកស្នាមដែលមិនអាចបំភ្លេចបាននៅក្លិបរបស់យើង” ។ ក្នុងឆ្នាំ២០០៤ អ្នកគាំទ្រក្លិប Manchester City បានបោះឆ្នោតដាក់ឈ្មោះអតីតខ្សែបម្រើរូបនេះនៅឯកីឡដ្ឋាន Etihad ក្នុងការផ្តល់កិត្តិយសរបស់លោក Bell ជួយក្លិបឲ្យល្បីល្បាញនិងមានប្រជាប្រិយភាព។
ប្រធានក្លិប Man City លោក Khaldoon Al Mubarak បាននិយាយថា “Colin Bell នឹងត្រូវចងចាំជានិច្ចថា ជាកីឡាករដ៏ឆ្នើមម្នាក់របស់ក្រុម Manchester City ហើយព័ត៌មានដ៏ក្រៀមក្រំបំផុតនាពេលនេះគឺការស្លាប់របស់គាត់នឹងប៉ះពាល់ដល់អ្នករាល់គ្នាដែលមានទំនាក់ទំនងជាមួយក្លិបរបស់យើង” ។
លោកបន្តថា “ខ្ញុំពិតជាមានសំណាងណាស់ដែលធ្លាប់បាននិយាយជាមួយអតីតគ្រូបង្វឹក និងមិត្តរួមក្រុមហើយខ្ញុំដឹងច្បាស់ថា Colin Bell គឺជាកីឡាករម្នាក់ដែលត្រូវបានគេគោរពខ្ពស់បំផុតដោយអ្នកដែលមានសិទ្ធិលេងជាមួយគាត់ ឬឃើញគាត់លេង”។
បន្ទាប់ពីចាប់ផ្តើមអាជីពរបស់គាត់នៅក្លិប Bury លោក Bell បានផ្លាស់ទៅលេង Manchester City នៅពាក់កណ្តាលរដូវកាលឆ្នាំ១៩៦៥-១៩៦៦ ក្នុងកិច្ចព្រមព្រៀង៤៧.៥០០ផោន។ គាត់បានជួយក្រុមនេះឈ្នះពាននៅរដូវកាលនោះ ហើយគាត់ជាអ្នកជួយអោយក្រុមតោខៀវឈ្នះពានរង្វាន់ First Division ពីរឆ្នាំក្រោយ។ ក្នុងរយៈពេល១៣ឆ្នាំក្នុងនាមជាកីឡាករម្នាក់ គាត់ក៏បានជួយឲ្យក្រុមឈ្នះពានរង្វាន់ FA Cup, League Cup និង Cup Winners ‘Cup ផងដែរ។
ទោះជាយ៉ាងណាក៏ដោយអាជីពរបស់គាត់ត្រូវបានអាក់ខានដោយការរងរបួសជង្គង់ធ្ងន់ធ្ងរដែលគាត់បានរងរបួសក្នុងការប្រកួត League Cup ទល់នឹងក្រុម Manchester United នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ នៅពេលគាត់មានអាយុ២៩ឆ្នាំ។ បន្ទាប់ពីបានវិលត្រឡប់មករដូវក្រោយវិញគាត់បានរងរបួសម្តងទៀតជាមួយក្រុម Arsenal និងត្រូវអវត្តមានរយៈពេល១៨ខែទៀត។
ក្រោយមកកាយសម្បទាគាត់រឹងមាំឡើងវិញហើយទទួលបានអារម្មណ៍នៅពេលវិលត្រឡប់របស់គាត់ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៧៧។ ទោះយ៉ាងណាក៏ដោយគាត់មិនមានសេរីភាព និងបានលេងក្នុងការប្រកួតតិចតួចប៉ុណ្ណោះ។ គាត់បានបញ្ចប់អាជីពជាកីឡាករបាល់ទាត់ពេលទៅលេងនៅសហរដ្ឋអាមេរិកក្នុងក្លិប San Jose Earthquakes ៕ដោយ៖ភារៈ