ភ្នំពេញ៖ អ្នកធ្លាប់ឆ្លងកាត់ជិវិតដ៏កម្សត់វេទនា ក្នុងរបបខ្មែរក្រហមពិតជាទប់អារម្មណ៍មិនក្តុកក្តួលមិនបានឡើយ ក្រោយពីបានស្តាប់ បទចម្រៀង «ឱភ្នំពេញអើយ» បើទោះបីជាបទនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតថភាពមួយជ្រុងតូច នៃការងើបផុតភ្លាមពីរបបដ៏ខ្មៅងងឹតនោះក៏ដោយ។
បើយោងតាមឯកសារមួយបានបង្ហាញថា បទ«ឱភ្នំពេញអើយ»ច្រៀងដោយអ្នកស្រី សូ ចន្នី ហើយថតនៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៧៩ នៅខេត្តក្រចេះ ខណៈពេលចាក់ផ្សាយលើកដំបូងត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នោះតែម្តង។ បទនេះត្រូវបាននិពន្ធឡើងដោយលោក កែវ ចិន្តា អតីតអភិបាលក្រុងភ្នំពេញ នាអំឡុងឆ្នាំ១៩៨២ ដល់១៩៨៥ ។
បទនេះក៏បានឆ្លុះបញ្ចាំងពីការអាឡោះអាល័យសោកស្តាយអមដោយការរំភើបបែបស្រណោះស្រណោកពីការជួបជុំឡើងវិញ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ។ គេចាំបានថារាជធានីភ្នំពេញ ដែលគេធ្លាប់គេប្រដូចទៅនឹងនារីវ័យក្រមុំ និងជាបេះដូងរបស់ប្រទេសកម្ពុជា ធ្លាប់មានឈ្មោះល្បីល្បាញនៅក្នុងពិភពលោកផងដែរ មុនពេលដែលវាត្រូវធ្លាក់ចូលក្នុងភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ និងបានប្រែក្លាយទៅជាទីក្រុងខ្មោច ដែលគេបោះបង់ចោល ។
បទចម្រៀងកម្សត់នេះក៏បានផ្តើមនៃជិវិតរស់រានជាថ្មី នៃវិស័យសិល្បៈវប្បធម៌ និងវិស័យដទៃទៀត និងមានបទចម្រៀងជាបន្តបន្ទាប់បានជួយបម្រើសោទិន្ទិយារម្មណ៍របស់ប្រជាជនខ្មែររហូតមកដល់បច្ចុប្បន្នដែលកំពុងលង់លក់ដោយពិភពសន្តិភាពនោះ៕
ដោយ វឌ្ឍនា