ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះមាន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន មានករណីឆ្លងកូវីដ- ១៩ កើនឡើងខ្ពស់ក្នុងរយៈពេលចុងក្រោយនេះ។ នៅក្នុងប្រទេសឥណ្ឌូនេស៊ី មានករណីឆ្លងកូវីដ-១៩ថ្មីក្នុងរយៈពេល២៤ម៉ោង មានដល់ទៅ៩.៣២១នាក់។ ចំណែកអ្នកស្លាប់ថ្មីមានដល់ទៅ២២៤នាក់ ធ្វើឲ្យប្រទេសនេះមានអ្នកឆ្លងកើនឡើងដល់ទៅជាង៧៩៧ពាន់នាក់ និងស្លាប់២៣.៥២០នាក់។ ចំណែកប្រទេសម៉ាឡេស៊ីវិញ ក៏បានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីច្រើនបំផុតមិនធ្លាប់មានដែរ គឺមានរហូតដល់ទៅ៣,០២៧ករណី ក្នុងរយៈពេល២៤ម៉ោង ។ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា អត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួ។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ៦ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុបនៅទូទាំងប្រទេសចំនួន ១២៨,៤៦៥ករណី ក្នុងនោះស្លាប់ ៥២១នាក់ និងជាសះស្បើយ ១០២,៧២៣នាក់ ឬស្មើនឹង៨០%។ ប្រទេសហ្វីលីពីនមានករណីឆ្លងកូវីដ១៩ថ្មី ក្នុងពេល២៤ម៉ោងមានដល់ទៅ១៣៥៣នាក់ និងស្លាប់ថ្មី៩នាក់ ទៀត ធ្វើឲ្យប្រទេសនេះមានអ្នកឆ្លងសរុបជាង៤៨២ពាន់នាក់ និងស្លាប់៩.៣៥៦នាក់។ ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣០៥នាក់, ស្លាប់ម្នាក់ផងដែរ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃទី៧ខែមករាបានប្រកាសថាបានរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន៣០៥ករណីបន្ថែមទៀត ខណៈអ្នកជំងឺម្នាក់ទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ។ មកទល់ពេលនេះថៃមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេស ៩,៦៣៦ករណី ក្នុងនោះមានអ្នកស្លាប់ ៦៧នាក់ និងជាសះស្បើយ ៤,៥២១នាក់។ ក្រៅពីនេះ នៅមានប្រទេសក្នុងតំបន់ មានករណីឆ្លងដែរតែមានតិចតួចដោយឆ្លងមកពីខាងក្រៅតែប៉ុណ្ណោះ មិនមានឆ្លងក្នុងសហគមន៍នោះឡើយ ៕
ដោយ ធី រីណា
រូបភាព៖ TTXVN