សាធារណរដ្ឋកូរ៉េ: ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីណែនាំស្តីពីការថែទាំសុខភាពនារដូវរងា ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ក៏ដូចជាការការពារ និងទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែល អាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ ។ ក្នុងនោះបាន ចែករំលែកប្រការគួរយល់ដឹងសំខាន់ៗមួយចំនួនអំពីការ ថែទាំសុខភាពនាពេលអាកាសធាតុចុះត្រជាក់ខ្លាំង ដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងស្នាក់នៅ សាធារណរដ្ឋកូរ៉េដូចខាងក្រោម៖
1. ពេលធ្វើដំណើរ ឬទៅធ្វើការនៅខាងក្រៅផ្ទះសូមស្លៀកសម្លៀកបំពាក់ឱ្យបានក្រាស់ និងប្រើកន្សែងរ៉ុក ពាក់មួក ព្រមទាំងពាក់ស្រោមដៃផង ។
2. សូមសម្រាកឱ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណងាយៗនៅក្នុងផ្ទះឱ្យបានទៀងទាត់។
3. ពេលគេងត្រូវបើកម៉ាស៊ីនសំណើម ឬត្រូវដាក់ទឹកមួយផ្តិលនៅក្នុងបន្ទប់ ឬបង្ហើបបង្អួចបន្តិច សូមកុំបើក ម៉ាស៊ីនកម្តៅខ្លាំងពេក ដោយរក្សាកម្តៅក្នុងបន្ទប់ឱ្យនៅត្រឹមសីតុណ្ហភាពពី ២០ទៅ ២៥អង្សារ។
4. សូមកុំបិទបង្អួចបន្ទប់ជិតពេក ត្រូវទុកចន្លោះបង្អួចឱ្យមានខ្យល់អុកស៊ីសែនចេញចូលគ្រប់គ្រាន់ក្នុងមួយថ្ងៃ ២ ទៅ៣ដង អាចបើកម្តងរយៈពេល ១០នាទី។
5. សូមបរិភោគអារហារ ដែលសំបូរជីវជាតិឱ្យបានគ្រប់គ្រាន់ ជាពិសេសប្រភេទអាហារដែលមានវីតាមីន D មានដូចជាត្រី ស៊ុតលឿង ថ្លើម ឈីសជាដើម ។
6. សូមពិសារទឹកឱ្យបានគ្រប់គ្រាន់ដើម្បីជៀសវាងការបាត់បង់ជាតិទឹកនៅក្នុងខ្លួន ពិសារយ៉ាងតិច ១,៥លីត្រក្នុងមួយថ្ងៃ ។
7. សូមលាងសម្អាតដៃឱ្យបានស្អាតជាមួយនឹងសាប៊ូ ពេលត្រលប់មកពីខាងក្រៅ ហើយជៀសវាងយកដៃ ទៅប៉ះ ភ្នែក ច្រមុះ និងមាត់។
8. ជៀសវាងការទទួលទានគ្រឿងស្រវឹង និងបារី ច្រើនលើសកម្រិត។
9. ប្រសិនបើមានអការៈមិនស្រួលខ្លួន ឬមានបញ្ហាសុខភាព សូមទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យជា បន្ទាន់ជៀសវាងបញ្ហាកើតឡើងជាយថាហេតុ។ បើមានករណីបន្ទាន់សូមទាក់ទងទៅលេខ ១១៩។
អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានឯកអគ្គរាជទូតសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំង អស់មេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការថែរក្សាសុខភាព និងចូលរួមអនុវត្ត និងជួយផ្សព្វផ្សាយអំពីការ ថែទាំសុខភាពឱ្យបានទូលំទូលាយជាមួយនឹងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ៕ដោយ, សុខ ខេមរា