កណ្ដាល: ជនសង្ស័យម្នាក់ ទិញរថយន្តបុរសម្នាក់ ក្នុងតម្លៃ៥ម៉ឺនដុល្លារ ដោយកក់១ម៉ឺនដុល្លារសិន នៅខ្វះបួនម៉ឺនដុល្លារទៀតហើយយករថយន្តជិះទៅបាត់ លុះដល់ថ្ងៃកំណត់សង បែជាគេចវេសមិនព្រមសង ត្រូវម្ចាស់រថយន្តប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០២១. ដែលករណីរំលោភលើទំនុកចិត្តនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ចំណុចភូមិចេតិយទ្រេត ឃុំ វិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិ ខ្មែរ មុខរបរ លក់ដីឡូត៍
មានទីលំនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុក រមាសហែក ខេត្តស្វាយរៀង ។ចំណែកជនសង្ស័យឈ្មោះ ទេព ណាវុន ភេទប្រុស ឆ្នាំកំណើត១៩៨២ ជនជាតិ ខ្មែរ មុខរបរ ប្រធានក្រុមហ៊ុន ទេព ណាវុន (លក់ស្ករស) មានទីលំនៅភូមិស្តុក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា.នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២០ ឈ្មោះ ហ៊ែល រ៉េត បានយករថយន្តរបស់ជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត.ម៉ាក MG RX8 ពណ៍ស ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ 2BG-6948 យកមកលក់ទៅឲ្យជនសង្ស័យឈ្មោះ ទេព ណាវុន ក្នុងតំលៃ៥០០០០ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីនិយាយត្រូវរូវគ្នា ជនសង្ស័យឈ្មោះ ទេព ណាវុន បានប្រគល់ប្រាក់មកឲ្យជនរងគ្រោះចំនួន ១០០០០ដុល្លារសិន ដោយសន្យាប្រគល់ប្រាក់គ្រប់ចំនួន៤០០០០ដុល្លារទៀត នៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២០។ លុះមកដល់ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២០ ជាថ្ងៃកំណត់ប្រគល់ប្រាក់គ្រប់ចំនួន ជនសង្ស័យ មិនមានប្រាក់សង ហើយបានគេចវេស មិនព្រមចូលខ្លួនមកជួបដោះស្រាយជាមួយជនរងគ្រោះឡើយ ។រហូតមកដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ទេព ណាវុន បានចេញមូលប្បទានប័ត្រដែលកំណត់ សាច់ប្រាក់ចំនួន៤០០០០ដុល្លារ នៅធានាគារវឌ្ឍនៈចំកាត់(ABA) ឲ្យទៅឈ្មោះ ហ៊ែល រ៉េត ជាមិត្តភ័ក្ររបស់ជនរងគ្រោះ ដើម្បីបើកប្រាក់ពីធានាគារឲ្យទៅជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត(ម្ចាស់រថយន្ត) ប៉ុន្តែមូលប្បទានប័ត្រ ដែលជនសង្ស័យចេញឲ្យនោះគឺគ្មានសាច់ប្រាក់ទេ ចាប់ពីថ្ងៃនោះមកជនរងគ្រោះបានតេទូរស័ព្ទទៅជនសង្ស័យមិនលើកព្រមទាំងគេចវេសរហូត។រហូតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងប្តឹងទៅលើ ជនសង្ស័យឈ្មោះ ទេព ណាវុន អំពី រឿងហេតុខាងលើនៅតែម្តង។
បន្ទាប់ពីកម្លាំងជំនាញទទួលបានពាក្យបណ្ដឹងខាងលើ ភ្លាមនោះក៏ធ្វើការកោះហៅជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីឃាត់ខ្លួនសាកសួរ ចាត់ការតាមនីតិវិធី៕