កណ្តាល៖ មនុស្សប្រុសស្រី២នាក់ បើកម៉ូតូធុនធំឌុបគ្នា បើកយ៉ាងលឿន (មិនពាក់មួកសុវត្ថិភាព) ដល់ផ្លូវកោង ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំង២នាក់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យជ័យជំនះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ នៅតាមផ្លូវលេខ២០៦ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកម៉ូតូឈ្មោះ នៅ រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល និងនារីម្នាក់ជាអ្នករួមដំណើរមានឈ្មោះ ប៊ី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងក្រុងតាខ្មៅ (អ្នកទាំងពីរបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យជ័យជំនះ) ។
ប្រភពពត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូធុនធំ១គ្រឿង ម៉ាក BMW ពណ៍ខ្មៅ គ្មានស្លាលេខ (មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ) ដោយបើកផ្លូវលេខ២០៦ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន មកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង មិនបន្ថយល្បឿន បានជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំង២នាក់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យជ័យជំនះ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានចុះមកធ្វើកំណត់ហេតុ និងប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ