ភ្នំពេញ៖ មន្ត្រីកងរាជអាវុធហត្ថពាក់ស័ក្តិ៤កន្លះម្នាក់បានបាញ់សម្លាប់ប្រពន្ធធ្វើឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រួចហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយចោលកូនស្រីម្នាក់ឲ្យរស់នៅកំព្រា។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមករាឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ២ តាមបណ្ដោយផ្លូវ អេសអូអេស ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសជាប្តីមានឈ្មោះ សេង គឹមសាន្ត អាយុ៥៩ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថ មានឋានន្តរស័ក្តិ វរសេនីយ៍ទោ ជាគ្រូបង្រៀននៅសាលាកងរាជអាវុធហត្ថកំបូល។ ចំណែកប្រពន្ធមានឈ្មោះ ជួប សារ៉ែន អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ អ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ប្តីប្រពន្ធនិងកូនស្រីម្នាក់បានមកស្នាក់ នៅបន្ទប់ជួលកើតហេតុខាងលើអស់រយៈពេលច្រើនខែកន្លងមកហើយ ដោយគេសង្កេតឃើញថា បុរសដែលជាប្ដីតែងតែប្រចណ្ឌប្រពន្ធជារឿយៗ។ ពេលឃើញប្រពន្ធនិយាយទូរស័ព្ទម្តងៗ ប្ដីតែងតែចោទរករឿងរបៀបប្រចណ្ឌស្ទើររៀងរាល់ថ្ងៃ។ ប្រភពដដែលបានបន្តទៀតថា ជនដៃដល់ជាប្ដីធ្លាប់មានប្រពន្ធម្តងរួចមកហើយដោយមានកូននៅក្នុងបន្ទុកចំនួន៥នាក់ ចំណែកជនរងគ្រោះជាប្រពន្ធក្រោយ ដោយរួមរស់ជាមួយគ្នាបានកូនស្រីអាយុ១៥ឆ្នាំម្នាក់ជាចំណងដៃ។ លុះដល់ម៉ោងកើតហេតុខាងលើគេឮសំឡេងផ្ទុះអាវុធ៣ទៅ៤ គ្រាប់ រួចអ្នកជិតខាងនាំគ្នាចូលទៅមើលឃើញប្ដីប្រពន្ធទាំងពីរនាក់ស្លាប់បាត់ទៅហើយ។ ក្រោយមកក៏មានការភ្ញាក់ផ្អើលបាននាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅកន្លែងកើតុហេតុឃើញប្រពន្ធស្លាប់លុតជង្គង់នៅមុខបន្ទប់ទឹក ចំណែកប្ដីស្លាប់នៅក្នុងបន្ទប់។ ភ្លាមៗនោះសមត្ថកិច្ចបានធ្វើការហ៊ុមព័ទ្ធកន្លែងកើតហេតុរង់ចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យទើបដឹងថាជាករណីអ្វីឲ្យពិតប្រាកដ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ផេងភាព