ប្រធានាធិបតីកូរ៉េខាងត្បូង ថាប្រជាជនកូរ៉េទាំងអស់ នឹងទទួលវ៉ាក់សាំងកូវីដ មិនគិតថ្លៃ ហើយនឹងអាចចាប់ផ្តើមពីខែកុម្ភៈទៅហើយ

ចែករំលែក៖

កូរ៉េខាងត្បូង៖ បើយោងតាមគេហទំព័រ (ខ្មែរនៅកូរ៉េ News) បានបញ្ជាក់ថា, ប្រជាជនកូរ៉េខាងត្បូងទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមិនចំណាយមួយកាក់មួយសេនឡើយ។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន នៅព្រឹកថ្ងៃចន្ទនេះ រាយការណ៍ពីសារព័ត៌មាន Yonhap News។

លោកប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងធានាធ្វើការផ្តល់ជូនប្រជាជនកូរ៉េខាងត្បូងគ្រប់ៗរូបការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមិនគិតថ្លៃ ដែលការផ្តល់វ៉ាក់សាំងនេះនឹងធ្វើទៅតាមលេខរៀងអាទិភាព និងទៅតាមដំណាក់កាលចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។ ការធានាអះអាងថ្មីនេះត្រូវបានធ្វើឡើងក្នុងការថ្លែងសារអបអរសាទរឆ្នាំថ្មី ២០២១ របស់លោកប្រធានាធិបតី មូន ជូនដល់ប្រជាជាតិកូរ៉េខាងត្បូងទាំងមូល នាព្រឹកថ្ងៃចន្ទនេះ។
ប្រទេសកូរ៉េខាងត្បូងបានធ្វើការបញ្ជាទិញ និងបានចុះកុងត្រារួចរាល់ជាមួយបណ្តាក្រុមហ៊ុនវេជ្ជសាស្រ្តផលិតវ៉ាក់សាំងធំៗ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងកូវីដសម្រាប់ប្រទេសកូរ៉េខាងត្បូង ហើយរំពឹងថាវ៉ាក់សាំងដំបូងបង្អស់នឹងត្រូវដឹកមកដល់ប្រទេសនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោកប្រធានាធិបតីក៏បានបញ្ជាក់ថា រដ្ឋាភិបាលបច្ចុប្បន្នក៏កំពុងធ្វើការពិនិត្យទៅលើប្រសិទ្ធភាព និងសុវត្ថិភាពនៃការព្យាបាលជំងឺកូវីដ ដែលបង្កើតឡើងដោយក្រុមហ៊ុនវេជ្ជសាស្រ្តរបស់កូរ៉េខាងត្បូងដោយឡែកផងដែរ ហើយនឹងធ្វើការបន្តរាយការណ៍វឌ្ឍនភាពនៃការពិនិត្យនេះជូនដល់សាធារណជន ដោយមិនមានការលាក់កំបាំងព័ត៌មានណាមួយនោះទេ។ រដ្ឋាភិបាលកូរ៉េបន្តជម្រុញឱ្យមានការអភិវឌ្ឍឈានដល់ការបង្កើតនូវវ៉ាក់សាំងដោយខ្លួនឯងផងដែរ ដែលលោកប្រធានាធិបតីប្រសិទ្ធភាពនាមថា “អធិបតេយ្យនៃវ៉ាក់សាំង” និងដើម្បីរួមចំណែកដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដនៅទូទាំងពិភពលោកផងដែរ។

សម្រាប់ប្រទេសកូរ៉េខាងត្បូង ឆ្នាំ២០២១ លោកប្រធានាធិបតី មូនបញ្ជាក់ថា នឹងជាឆ្នាំនៃការ “ងើបឡើងវិញ” ពីវិបត្តិជំងឺកូរ៉ូណា និងជាឆ្នាំនៃ “បរិយាប័ន្ន” ដើម្បីកាត់បន្ថយបញ្ហាគម្លាតអភិវឌ្ឍន៍នៃសង្គម និងជាឆ្នាំនៃការ “ហក់ឡើង” ក្លាយជាប្រទេសឈានមុខគេ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print