ខេត្តពោធិ៍សាត់ ៖ លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ រួមដំណើរដោយមន្រ្តីរាជការលោកគ្រូ អ្នកគ្រូ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ និងចែកលិខិតសសើរដល់សិស្សជាប់ចំណាត់ថ្នាក់ចាប់ពីលេខ១ដល់លេខ៥ ឆ្នាំសិក្សា២០១៩-២០២០ កន្លងមកនេះ ។
ពិធីខាងលើប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍សាត់ ស្ថិតនៅភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
ក្នុងឱកាសនោះលោក ឆេង រិទ្ធ នាយកសាលាបឋមសិក្សាពោធិ៍សាត់ បានអានសុន្ទរកថាស្វាគមន៍ដល់អង្កពិធីថា បើទោសជាស្ថិតក្នុងបរិបទកូវីដ-១៩នៅឡើយ សាលារៀនមិនអាចបើកបវេសនកាលទ្រង់ទ្រាយធំ ហើយដំណើរការរៀនសូត្រក៍មិនបានពេញលេញនោះដែរ ឆ្លៀតឱកាសនោះលោក ជម្រាបជូនអំពីស្ថិតិ សិស្ស និងបុគ្គលិកអប់រំឆ្នាំសិក្សា បុគ្គលិកចំនួន៦៩នាក់ ក្នុងនោះស្រីចំនួន៤១នាក់ សិស្សសរុបចំនួន២៦៨២នាក់ ស្រីចំនួន១២៧០នាក់ ដូច្នេះដើម្បីអប់រំខ្លួនឲ្យក្លាយទៅជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋសកលនាពេលអនាគត គោរពគោលការណ៍មនុស្សសកល បរិបទអប់រំសកល តាមយុទ្ធសាស្ត្រវិស័យអប់រំ សាលាដាក់ចេញនូវទស្សនវិស័យ៤ សាលារៀនធានានូវប្រសិទ្ធភាព និងគុណភាព កែប្រែបរិស្ថានសាលារៀន អប់រំសិស្សឲ្យចេះអភិវឌ្ឍខ្លួន និងប្រកួតប្រជែងដើម្បីឲ្យសាលាស្អាត និងគ្រួបង្រៀនល្អ ។
ក្នុងនោះលោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានអាន(សារលិខិត)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ និងបន្តចែកលិខិតសសើរដល់សិស្សជាប់ចំណាត់ថ្នាក់ចាប់ពីលេខ១ដល់លេខ៥ ឆ្នាំសិក្សា២០១៩-២០២០ ៕
ដោយៈ បុឹម ពិន