តំណាងអង្គការសុខភាពពិភពលោក និងលោកស្រី ឱ វណ្ណឌីន ដឹកនាំក្រុមការងារចុះលើកទឹកចិត្ត និងគាំទ្រផ្នែកបច្ចេកទេស ដល់ក្រុមគ្រូពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ដោយអនុវត្តតាមបញ្ជារបស់សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល រួមដំណើរជាមួយលោកស្រីវេជ្ជបណ្ឌិត លី អាយលែនតំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងមន្ត្រីនៃក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រួពេទ្យមិត្តភាពខ្មែរ-សូវៀត បានចុះបេសកកម្មធ្វើការងារ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មានខេត្តបន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១១ ខែមករានេះ ក្រុមការងារក្រសួងសុខាភិបាល បានចូលធ្វើការងារនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដែលជាមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ដើម្បីលើកទឹកចិត្ត និងគាំទ្រផ្នែកបច្ចេកទេស ក៏ដូចបំពាក់បំប៉នសមត្ថភាពបន្ថែមទៀត ជូនដល់ក្រុមគ្រូពេទ្យបង្អែកនៃខេត្តនេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឲ្យដឹងថា, ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានរួចហើយ ពីការរកឃើញនូវពលករខ្មែរ ដែលមកពីប្រទេសថៃម្នាក់ទៀត ឆ្លងវីរុសជំងឺកូវីដ១៩ ដូច្នេះធ្វើឲ្យចំនួនអ្នកជំងឺដែលកំពុងសម្រាក នៅមន្ទីរពេលទ្យបង្អែកខេត្តបន្ទាយមានជ័យ សរុបមានចំនួន៨នាក់ ក្នុងនេះមានស្រ្តី៦នាក់ និងបរុសចំនួន២នាក់។

លោកស្រីរដ្ឋលេខាធិការបានឲ្យដឹងថា, ក្នុងឱកាសនោះ ក្រុមការងារក្រសួងសុខាភិបាល បានពិភាក្សាជាមួយលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ក៏ដូចថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ហើយបានបែងចែងក្រុមការងារឲ្យធ្វើការងារជា៤ក្រុម។ ដោយក្រុមទី១ សម្រាបបំពេញការងារពិនិត្យកិច្ចការ នៃការគ្រប់គ្រងអ្នកជំងឺជាទូទៅនៅក្នុងមន្ទីរពេទ្យ, ក្រុមទី២ គឺជាក្រុមគ្រូពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយអនុវត្តតាមបញ្ជារបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននាំយកមកជាមួយនូវម៉ាស៊ីនវាស់ចង្វាក់បេះដូង ដើម្បីដាក់ជូនមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី និងផ្ដល់ការបង្ហាត់បង្ហាញអំពីការប្រើប្រាស់ ក៏ដូចជាបំពាក់បំប៉ននូវសមត្ថភាពបន្ថែមទៀតអំពីនីតិវិធី និងរបៀបរបបនៃការពិនិត្យព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងគោលបំណង ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការផ្ដល់សេវាពិនិត្យព្យាបាល ថែទាំដល់អ្នកជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ចំណែកក្រុមទី៣ គឺជាក្រុមនៃនាយកដ្ឋានមន្ទីរពេទ្យរបស់ក្រសួងសុខាភិបាល ដែលកំពុងជួយដល់មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យនេះ ក្នុងការអនុវត្ត ក៏ដូចជាពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការចាត់ចែងធ្វើយ៉ាងណាឲ្យការការពារ នូវការចំលងរោគនៅក្នុងមន្ទីរពេទ្យនេះ ឲ្យបានសមស្របទៅតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រ និងក្រុមទី៤ ក៏ជាក្រុមរបស់ក្រសួងសុខាភិបាល ដែលមានវេជ្ជបណ្ឌិត ជំនាញផ្នែកសង្គ្រោះបន្ទាន់ បាន និងកំពុងផ្ដល់ការគាំទ្រ និងជួយបង្ហាត់បង្ហាញបន្ថែមទៀត ដល់គ្រូពេទ្យសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងនូវសមត្ថភាពរបស់ពួកគាត់ នៅក្នុងការជួយដល់អ្នកជំងឺ នៅពេលដែលមានករណីចាំបាច់ ត្រូវជួយសង្គ្រោះបន្ទាន់ ទៅដល់អ្នកជំងឺកូវីដ១៩ ប្រសិនបើមានករណីធ្ងន់ធ្ងរ ហើយមិនត្រឹមតែអ្នកជំងឺកូវីដ១៩ទេ គឺជួយដល់អ្នកជំងឺដទៃទៀតផងដែរ។

បន្ទាប់ពីបញ្ចប់ការងារនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ក្រុមការងារក្រសួងសុខាភិបាលដែលដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល រួមដំណើរជាមួយលោកស្រីវេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានបន្តដំណើររបស់ខ្លួនបន្តទៀត ដើម្បីពិនិត្យមើលការងារនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិនផងដែរ។
សូមជម្រាបជូនថា, រហូតដល់ម៉ោង ១០និង៣០ ព្រឹក ថ្ងៃទី ១១ មករា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ១នាក់ (ពលករខ្មែរត្រលប់ពីប្រទេសថៃ) និង មានជាសះស្បេីយ ៣នាក់ (បាត់ដំបង ២នាក់ និង ភ្នំពេញ ១នាក់) ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣៩២នាក់ ចំនួនសំរាកពេទ្យ នៅសល់ ១៨នាក់ (ប៉ៃលិន ៧នាក់ បាត់ដំបង ២នាក់ ភ្នំពេញ ១នាក់ និង បន្ទាយ មានជ័យ ៨នាក់) និងចំនួនជាសះស្បេីយសរុបចំនួនកេីន ៣៧៤នាក់ និងស្លាប់គ្មាន ។
សូមបញ្ជាក់ថា,ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 355903 ស្មេីនឹង 21184 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print