ភ្នំពេញ៖ ដោយសារតែរឿងប្រចណ្ឌ បុរសម្នាក់ដែលជាមន្ត្រីកងរាជអាវុធហត្ថឋានន្តរសក្ដិថ្នាក់វរសេនីយ៍ទោ និងជាគ្រូបង្ហាត់សាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថកំបូល បានផ្ទុះកំហឹងជាមួយប្រពន្ធចុង រហូតដល់ប្រេីកាំភ្លើងខ្លីមួយដេីមម៉ាក K.59 បាញ់ចំនួន៣គ្រាប់ទៅលេីស្រ្តីរូបនេះបណ្តាលឲ្យបាត់បង់ជីវិតនៅក្នុងផ្ទះជួលក្បែរបន្ទប់ទឹក រួចបាញ់ខ្លួនឯងមួយគ្រាប់ចំសៀកថ្កា បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅចំពោះមុខកូនស្រីអាយុ១៥ឆ្នាំ បន្ទាប់ពីមានទំនាស់គ្នាខឹងហៅប្រពន្ធឲ្យមកផ្ទះមិនមក។
សូមម្លឹកថា ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោងប្រមាណជា១១យប់ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចបន្ទប់ជួលលេខ២ តាមផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា បុរសដែលបាញ់ប្រពន្ធចុងខាងលេីមានឈ្មោះ សេង គឹមសាន្ត អាយុ៥៨ឆ្នាំមុខរបរជាមន្ត្រីកងរាជអាវុធហត្ថឋានន្តរសក្ដិថ្នាក់វរសេនីយ៍ទោ និងជាគ្រូបង្ហាត់សាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថកំបូល ស្នាក់នៅបន្ទប់ជួលខាងលើ និងមានស្រុកកំណើតនៅភូមិក្បាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល បានបាញ់ខ្លួនឯងចំសៀតថ្កាខាងស្តាំធ្លាយមកធ្វេង ។ ចំណែក ស្ត្រីជាប្រពន្ធឈ្មោះ ជួប សារ៉ែន អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិចុងកោះ ឃុំសណ្តា ស្រុកលើកដែក ខេត្តកណ្តាល ត្រូវប្តីបាញ់ចំនួន ៣គ្រាប់ ត្រូវពីក្រោយខ្នងបាត់បង់ជីវិតដោយលត់ជង្គង់មុខបន្ទប់ទឹក ។
ប្រភពដដែលបន្តថា នៅមុនកើតហេតុ វេលាម៉ោងប្រមាណ៧យប់ ស្ត្រីជាប្រពន្ធបានជួបជុំគ្នាជាមួយអ្នកជិតខាង៧នាក់អង្គុយផឹកស្រាកូរ៉េខណៈនោះបុរសប្តី (ជនដៃដល់)បានហៅឱ្យចូលផ្ទះ តែស្ត្រីជាប្រពន្ធធ្វើជាមិនដឹងមិនលឺ ។ បន្ទាប់ពីហៅប្រពន្ធមិនមក បុរសជាប្តី ក៏បានអង្គុយផឹកស្រាថ្នាំព្យាបាលឫសដូងបាតក្នុងបន្ទប់អស់ចំនួន១០កែវ ដោយកូនស្រីក៏ស្ថិតនៅក្នុងបន្ទប់ជួលជាមួយគ្នានោះដែរ។ លុះផឹកអស់ចិត្តនៅវេលាម៉ោង១១យប់ ប្រពន្ធក៏បានត្រឡប់ចូលបន្ទប់ជួលវិញ ខណៈនោះក៏មានទំនាស់ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហេីយបុរសជាប្តី ក៏ស្ទុះទៅយកកាំភ្លើងខ្លីម៉ាកកា៥៩មួយដើមក្នុងទូឈើ ។ ភ្លាមៗនោះកូនស្រីអាយុ១៥ឆ្នាំបានមកឃាត់ឪពុក តែឃាត់មិនឈ្នះ ហើយក៏ត្រូវឪពុកអាម៉េបញ្ជូនគ្រាប់បាញ់ប្រពន្ធពីក្រោយ៣គ្រាប់ ខណៈពេលនាងរត់សំដៅទៅបន្ទប់ទឹកបណ្តាលឲ្យដួលស្លាប់ទាំងលុតជង្គង់មុខបន្ទប់ទឹកតែម្តង។
មន្រ្តីនគរបាលមូលដ្ឋាន បន្តទៀតថា បន្ទាប់ពីបាញ់ប្រពន្ធហើយ មន្ត្រីកងរាជវុធហត្ថរូបនេះក៏បាញ់ខ្លួនឯងតាមក្រោយមួយគ្រាប់ ចំសៀតផ្កាបណ្តាលឱ្យដួលបាត់បង់ជីវិតក្នុងថ្លុកឈាមជាមួយប្រពន្ធនៅចំពោះមុខកូនស្រី ដោយបន្សល់កូនស្រីអាយុ១៥ឆ្នាំឱ្យនៅកំព្រាម្នាក់ឯង។
សូមជម្រាបដែរថា បុរសជាប្តី ដែលជាមន្ត្រីកងរាជអាវុធហត្ថរូបនោះ មានប្រពន្ធដើមនៅភូមិកប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងមានកូនប្រុសស្រី៥នាក់ ដោយខ្លះនៅក្រមុំកំលោះ និងខ្លះទៀតមានគ្រួសារហើយ ។ ហើយរយៈពេលប្រមាណ១៦ឆ្នាំមុន មន្ត្រីរូបនោះក៏បានមករួមរស់ជាមួយស្ត្រីជាប្រពន្ធក្រោយ រហូតមានកូនស្រីម្នាក់អាយុ១៥ឆ្នាំ។ ចំណែកការរស់នៅជាមួយគ្នានេះ តាមអ្នកជិតខាងបានឱ្យដឹងថាមិនសូវចុះសម្រុងគ្នាទេ ដោយប្តី តែងតែប្រចណ្ឌប្រពន្ធ ហើយកើតទៅជាទំនាស់ទាស់ទែងជារើយៗ រហូតក៏ឈានទៅបាញ់ប្រពន្ធ និងបាញ់ខ្លួនឯងតែម្តង ។
ក្រោយកេីតហេតុ មន្រ្តីនគរបាលជំនាញព្រមទាំងគ្រូពេទ្យកោសល្យវិច្ច័យ រាជធានីភ្នំពេញ ក៏បានចុះទៅពិនិត្យសព ហើយបញ្ជាក់ថា ករណីខាងលើនេះ គឺជាករណីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយពិតប្រាកដមែន ។ ចំណែកសពមន្ត្រីកងរាជអាវុធហត្ថរូបនេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅតំកល់នៅវត្តកប់ស្រូវ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ រីឯសពស្ត្រីជាប្រពន្ធត្រូវបានក្រុមគ្រួសារបញ្ជូនទៅកំកល់នៅវត្តមុនីសោភា ហៅវត្តពញ្ញាឮ ស្ថិតនៅឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីធ្វើបុណ្យតាមប្រពៃណីដូចគ្នា។
គួរបញ្ជាក់ថា ករណីខាងលេីនេះ ផ្តើមចេញពីរឿងភ្លើងប្រចណ្ឌ ព្រោះថា កន្លងមកប្តីប្រពន្ធមួយគូរនេះ តែងតែមានទំនាស់គ្នាក្នុងគ្រួសារព្រោះតែប្រចណ្ឌ៕ដោយ៖សហការី