ក្នុងឆ្នាំ ២០២១នេះ! កម្រិតឧស្ម័នកាបូនិច គឺកើនឡើង៥០ភាគរយខ្ពស់ជាងកាលពីយុគសម័យបដិវត្តឧស្សាហកម្ម

ចែករំលែក៖

អន្តរជាតិ៖បើតាមការព្យាករណ៍របស់ការិយាល័យ Met នៃចក្រភពអង់គ្លេសកាលពីថ្ងៃសុក្រទី៨ ខែមករាឆ្នាំ២០២១បានបញ្ជាក់ថាកម្រិតឧស្ម័នកាបូនឌីអុកស៊ីត (ឧស្ម័នកាបូនិច) ក្នុងបរិយាកាសនាឆ្នាំ ២០២១នេះគឺកើនឡើង៥០ភាគរយខ្ពស់ជាងកាលពីយុគសម័យបដិវត្តឧស្សាហកម្មដោយសារការបំភាយរបស់មនុស្ស។

ជាក់ស្ដែងអ្នកវិទ្យាសាស្ត្រប្រចាំនៅការិយាល័យ Met ដោយផ្អែកលើការព្យាករណ៍របស់ក្រុមអង្កេតការណ៍ Mauna Loa នៅកោះហាវ៉ៃក៏បានវាយតម្លៃថា៖ កំហាប់ឧស្ម័នកាបូនិចជាមធ្យមប្រចាំឆ្នាំ ក្នុងឆ្នាំ២០២១នេះ អាចនឹងកើនឡើងប្រមាណ២.២៩ម៉ូលក្នុងមួយលានម៉ូលខ្យល់បើធៀបនឹងឆ្នាំ២០២០។ ជារួមឧស្ម័នកាបូនិចអាចនឹងកើនលើស ៤១៧ម៉ូល ចន្លោះខែមេសានិងឧសភា ច្រើនជាងកាលពីសតវត្សទី១៨ ដែលជាចំណុចចាប់ផ្តើមនៃបដិវត្តឧស្សាហកម្មប្រមាណពីរដង គឺកាលនោះមានត្រឹមតែ ២៧៨ម៉ូលក្នុង១លានម៉ូលខ្យល់ប៉ុណ្ណោះ។

បេីតាមលោក Richard Betts អ្នកវិទ្យាសាស្ត្រដែលដឹកនាំការព្យាករណ៍កម្រិតឧស្ម័នកាបូនិចប្រចាំឆ្នាំប្រចាំការិយាល័យ Met បានឲ្យដឹងថា៖ «ដោយសារតែឧស្ម័នកាបូនិចស្ថិតនៅក្នុងបរិយាកាសក្នុងរយៈពេលយូរ បន្ថែមជាមួយការបំភាយជារៀងរាល់ឆ្នាំថែមទៀតធ្វើឲ្យបរិមាណកាបូនិចនៅក្នុងបរិយាកាស ចេះតែកើនឡើងជាបន្តបន្ទាប់។ បើទោះបីជាមានការរាតត្បាតនៃកូវីត១៩ ធ្វើឲ្យការបំភាយឧស្ម័នកាបូនិចទូទាំងពិភពលោកថយចុះក្តី ក៏វានៅតែបន្ថែមបរិមាណទៅក្នុងបរិយាកាសដែរ»នេះបេីយោងតាមទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយ។

ចំណែកការកើនឡើងនៃកម្រិតឧស្ម័នកាបូនិចនៅក្នុងបរិយាកាសជាកង្វល់ដ៏ធំមួយសម្រាប់ពិភពលោកបច្ចុប្បន្ន ដ្បិតថា វាជាកត្តាចម្បងដែលជំរុញឲ្យមានការកើនឡើងកម្តៅផែនដីផង។   ដូច្នេះហើយ វាជារឿងចាំបាច់ដែលបណ្តាប្រទេសនានាលើពិភពលោកត្រូវចូលរួមកាត់បន្ថយកម្រិតនៃការបំភាយឧស្ម័ននេះដើម្បីទប់ស្កាត់មហន្តរាយនានាដែលអាចកើតចេញពីការវិបត្តិប្រែប្រួលអាកាសធាតុនេះ។

ជាក់ស្តែងដូចឃើញស្រាប់ ការឡើងកម្តៅត្រឹមតែ១អង្សាសេរបស់ផែនដី បានរួមចំណែកបង្កឲ្យមាន គ្រោះមហន្តរាយធម្មជាតិជាច្រើនបានកើតឡើងដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ក៏ដូចជាព្យុះនានាផង ដោយសារការឡើងកម្ពស់ទឹកសមុទ្រ។

គួរបញ្ជាក់ថាអង្គការសហប្រជាជាតិកន្លងមកនេះ បានប្រកាសរួចហើយថា ការបំភាយឧស្ម័នកាបូនិចពីប្រភពថាមពលមិនស្អាត ការផលិតចំណីអាហារ មធ្យោបាយធ្វើដំណើរ រោងចក្រឧស្សាហកម្ម  ត្រូវកាត់បន្ថយក្នុងកម្រិតមួយលើសពី៧ភាគរយ ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ ព្រោះវាជាគោលបំណងសំខាន់មួយក្នុងការធានារក្សាសីតុណ្ហភាពផែនដីមិនឲ្យកើនឡើងលើស ២អង្សាសេដែលមានចែងក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥៕ដោយ៖សតារា

រូបភាព៖AFP

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print