លោក ឃួង ស្រេង ប្រាប់ឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលនឹងទៅធ្វើពិធីសាសនានៅរមណីយដ្ឋានវត្តភ្នំ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរ ពាក់ព័ន្ធធ្វើការយកចិត្តទុកដាក់ការពារ និងរក្សាសណ្តាប់ធ្នាប់ ពិសេសត្រូវអនុវត្ដវិធានការការពារជំងឺកូវិីដ-១៩ គម្លាតសង្គមចំពោះភ្ញៀវទេសចរ និងពលរដ្ឋ ដែលទៅទស្សនាកម្សាន្ត ក៏ដូចជាទៅធ្វើពិធីសាសនាផ្សេងៗតាមបែបជំនឿនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ខណៈដែលបុណ្យចូលឆ្នាំប្រពៃណីចិនខិតចូលមកដល់។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពដែលមានការចូលរួមពីអាជ្ញាធរ ខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅរដ្ឋបាលរាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានលើកឡើងថា៖ អាជ្ញាធរពាក់ព័ន្ធត្រូវចុះអប់រំជាប្រចាំដល់ភ្ញៀវទេសចរ ពិសេសពលរដ្ឋដែលមានជំនឿផ្នែកសាសនា ដែលទៅធ្វើពិធីបន់ស្រន់នៅទីតាំងរមណីយដ្ឋានវត្តភ្នំ ត្រូវរក្សាគម្លាតសង្គម និងពាក់ម៉ាស់ លាងដៃនឹងអាល់កុលជាប់ជាប្រចាំ ខណៈដែលប្រទេសកម្ពុជានៅតែបន្តរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ជាពិសេសទៅលើពលករដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែន។
ក្រៅពីនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានជុំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងស៊ើបអង្កេតដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀនផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ៕

...

សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print