មុនពេលធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្លាប់ជួបប្រជុំជាមួយនាយករដ្ឋមន្ត្រី Muhyiddin Yassin និងព្រះមហាក្សត្រ Abdullah។ នៅថ្ងៃទី១១ខែមករា គេហទំព័រ mothership.sg បានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា រដ្ឋមន្ត្រី Mustapa Mohamed ប្រធានការិយាល័យនាយករដ្ឋមន្ត្រី និងលោកស្រី រដ្ឋមន្ត្រីកិច្ចការនារី និងគ្រួសារបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ។ ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺ លោកMustapa បានចូលរួមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីMuhyiddin Yassin នាថ្ងៃទី៦ខែមករា ។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់បានចូលបង្គំគាល់ព្រះមហាក្សត្រ Malaysia Abdullah នៅថ្ងៃទី៤ខែមករាផងដែរ។ ក្រសួងសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃ ទី១០ ខែមករា ឆ្នាំ២០២១នេះ បានរាយការណ៍ឲ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗ ចំនួន ២,៤៣៣ករណីបន្ថែមទៀត ដែលភាគច្រើនជាប្រភេទករណីឆ្លងក្នុងស្រុក។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ៧ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនេះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នានេះ ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន៧នាក់បន្ថែមទៀតផងដែរ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១៣៥,៩៩២ករណី ក្នុងនោះស្លាប់ ៥៥១នាក់ និងជាសះស្បើយ ១០៨,១០៩នាក់ ឬស្មើនឹង ៧៩.៥%៕
(រូបភាពBernama)