ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែបានឈានទៅដល់គ្រប់ ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជំរុញ និងលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូបត្រូវយកចិត្តទុកដាក់ និងចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ- រូបវ័ន្ត និងការគាំទ្រផ្សេងទៀតតាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមសហការរបស់ក្រសួងសុខាភិបាល ក្នុងការធានានូវសុវត្ថិភាពសុខភាព ការអប់រំអំពីអនាម័យ និងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឱ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យមានឆ្លងជំងឺកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា៕ដោយ៖សិលា