ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ បានជួបសំណេះសំណាលជាមួយអតីតយុទ្ធជនក្នុងស្រុកត្រាំកក់ ចំនួន២០គ្រួសារ ដែលមានជីវភាពខ្វះខាត ដោយបាននាំយកអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ជូនដល់អតីតយុទ្ធជនទាំង ២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវគ្រឿងឧបភោគបរិភោគ ០៨មុខ និងថវិកាចំនួន ៥ម៉ឺនរៀល ។
ពិធីនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលស្រុកត្រាំកក់ ប្រធានកិត្តិយស ស.អ.ក ស្រុក លោកអធិការស្រុក មេបញ្ជាការ កងរាជអាវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករង និងអាជ្ញាធរភូមិ-ឃុំ ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខចំពោះអតីតយុទ្ធជននៅគ្រប់ទីកន្លែង ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលមានការខ្វះខាត និងកំពុងតែត្រូវការជំនួយ ក្នុងដំណាក់កាលដែលពួកគាត់ជួបការលំបាក និងបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺកូវីដ-១៩។ លោកឧត្តមសេនីយ៍ត្រី បានណែនាំដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សារអនាម័យ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនចំពោះវិធានការទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួន និងក្រុមគ្រួសារពីជំងឺដ៏កាចសាហាវនេះ៕