ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងនគរបាលទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ផ្អាកសកម្មភាពចាប់ម៉ូតូធំដែលមានបំពង់ស៉ីម៉ាំងលឺខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋជាបណ្ដោះអាសន្នសិន។ ខណៈមន្ត្រីខ្លះអនុវត្តរឿងលើសពីការណែនាំ។
សូមបញ្ជាក់ថា ក្នុងសារសំឡេងផ្ញើទៅកាន់នគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា “ការផ្អាកបណ្ដោះអាសន្ននេះ គឺរង់ចាំទទួលបញ្ជាថ្មីពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ព្រោះម៉ូតូខ្លះមិនបានកែច្នៃនោះទេ ពោលមានសំណុំដើមមកពីរោងចក្រតែម្ដង”។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា, បានមើលឃើញថា ក្រោយមានបទបញ្ជាពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ឲ្យចាប់ម៉ូតូកែច្នៃបំពង់ស៉ីម៉ាំងលឺខ្លាំងបង្កការរំខាន មានមន្ដ្រីមួយចំនួនបានអនុវត្តលើសពីការណែនាំ ហើយមានរូបភាពខ្លះ ចូលចាប់ដល់ក្នុងផ្ទះតែម្ដង ដែលជាការខុសពីបទបញ្ជា។
សូមបញ្ជាក់ថា មន្ត្ត្រីខ្លះដែលបានអនុវត្តលើសពីការណែនាំ ខណៈមានហ្វេសប៊ុកមួយចំនួន បានបង្ហាញអំពីសកម្មភាព និងរូបភាពមានមន្ត្រីចុះទៅចាប់ម៉ូតូដល់ផ្ទះប្រជាពលរដ្ឋ។
តាមរយៈទង្វើនេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «តាមខណ្ឌទាំងអស់ផ្អាកធ្វើការឃាត់ម៉ូតូធំ ម៉ូតូដែលមានស៉ីម៉ាំងអត់មានសំបុកដែលមានសំឡេងលឺខ្លាំងសិន ផ្អាកសិនដើម្បីរង់ចាំបទបញ្ជាថ្មី ។ ព្រោះម៉ូតូធំខ្លះគេមានសំបុកស៉ីម៉ាំងបើកទៅអត់លឺរំខានទេ ដូច្នេះប្រភេទនេះអត់មានខុសទេ»។
គួរជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល ពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំលេងរំខានដល់ប្រជាពលរដ្ឋ៕ដោយ៖សិលា