ខេត្តបាត់ដំបង, បើយោងតាមព័ត៌មានបឋម ត្រូវបានគេបញ្ជាក់ថា, រកឃើញជំងឺគ្រុនផ្ដាសាយបក្សី (H5N1) នៅក្នុងកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ការរកឃើញនេះ បន្ទាប់ពីមានសត្វមាន់ជាង ១ពាន់ក្បាល ក្នុងកសិដ្ឋានបានងាប់ជាបន្តបន្ទាប់ កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ កន្លងមកនេះ។ នេះបើតាមលទ្ធផល ធ្វើតេស្តសំណាកសត្វមាន់ងាប់ដែល ទើបតែចេញ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
តាមរយៈដំណឹងនេះ នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់តាមប្រព័ន្ធគ្រុប Telegram ឲ្យដឹងថា, “ករណីកើតលើសត្វមាន់”។ ដោយលោកស្រី មិនទាន់ធ្វើការបកស្រាយជុំវិញបញ្ហានេះ អាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឬមួយយ៉ាងណានោះនៅឡើយទេ។ ចំពោះខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ក៏ដូចជាក្រសួងកសិកម្ម ហ្នឹងខាងពេទ្យសត្វ មិនទាន់ធ្វើការបញ្ជាក់ជុំវិញបញ្ហានេះនៅឡើយទេ។
ចំពោះព័ត៌មានលំអិត អង្គភាព នគរដ្រេហ្គន នឹងធ្វើការផ្សព្វផ្សាយបន្តទៀត៕
ដោយ,សិលា