កន្លងមកលេចចេញរូបភាព និងភាសាស្នេហាផ្អែមជាងមេស្ករនោះធ្លាប់ ត្រូវបានលោកបង្ហោះជាមួយនឹងនារីវ័យក្មេងស្រស់សោភាឈ្មោះ តីតី រហូតលោកថែមទាំងហៅនារីវ័យក្មេងរូបនេះជាប្រពន្ធពេញៗមាត់ផងដែរ។ ទោះជាយ៉ាងណាភាពស្ងប់ស្ងាត់មួយរយៈធំ បានបង្កើតឲ្យលេចចេញការ ជជែកគ្នាក្នុងចង្កោមអ្នកសិល្បៈ និងមានការជជីកគ្នាសួរគ្នាពីក្រុមអ្នកគាំទ្រលោកផងដែរ រហូតពួកគេបានដាក់ក្តីសង្ស័យថា តារាសម្តែងសាច់ដុំធំរូបនេះអាចនឹងបែកបាក់ចំណងស្នេហ៍នោះហើយ ។
គេចាំបានថាកាលពីអំឡុងចុងឆ្នាំ២០១៧ តារាសម្តែង និងពិធីករស្រស់សង្ហា លោក សេង មង្គល ធ្លាប់បានបង្ហាញមុខគូស្នេហ៍ដ៏ស្រស់សោភាម្នាក់ជាផ្លូវការ និងបង្ហាញភាពផ្អែមល្ហែមខ្លាំងរហូតធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។ ពិតជាដូចការខ្សឹមខ្សៀវមែន ចំណងស្នេហ៍បែបយុវវ័យនេះត្រូវបានបញ្ចប់ដោយមិនអាចវិលត្រឡប់។ ដំណឹងនៃការបែកបាក់គូស្នេហ៍នេះដែរក៏អាចនឹងធ្វើឲ្យអ្នករួមអាជីព និងអ្នកគាំទ្រសម្តែងការសោកស្តាយ ប៉ុន្តែក៏មាននារីលួចស្រលាញ់លោកមិនតិចទេដែលមានអារម្មណ៍សប្បាយចិត្តនោះ។ ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយតារាប្រុសរូបនេះក្នុងកម្មវិធីក្រុងពាលីចេញថតរឿង”រសស្មេហ៍ផ្លែល្វា” ដែលលោកសម្តែងជាតួឯកនោះ លោកក៏បានទទួលស្គាល់ថា ចំណងស្នេហ៍លោកនិងយុវតីរូបស្រស់ខាងលើបានដើរដល់ផ្លូវទាល់ហើយ ហើយក៏មិនអាចវិលត្រឡប់វិញផងដែរ។ លោកថាការបែកគ្នានេះក៏យូរគួរសមដែរ ហើយលោកពិតជាភ្ញាក់ផ្អើលដែលទស្សនិកជននៅចាំបានរឿងនេះ។ ទោះជាយ៉ាងណាលោកស្នើមិនបញ្ជាក់អំពីមូលហេតុនៃការបែកបាក់គូស្នេហ៍ខាងលើឡើយ ដោយលោកលើកឡើងថា ជាការរកផ្លូវដើររៀងខ្លួនដោយសន្តិវិធី។
ទោះជាយ៉ាងណាលោកបញ្ជាក់ថាពេលនេះលោកនៅមិនទាន់មានគូកំណាន់ចិត្តថ្មីនៅឡើយដែរ ។ គេនៅចាំបានដែរថា កន្លងទៅលោក សេង មង្គលក៏ធ្លាប់លេចចេញដំណឹងស្នេហាក្រៅឆាកនឹងតារាសម្តែងកញ្ញា មាន សូនីតា ដែលដំណឹងនេះត្រូវបានលេចចេញឡើងក្រោយពីលោកបានចូលរួមសម្តែងក្នុងភាពយន្តភាគរឿង”អ្នកមានគុណ” ប៉ុន្តែតារាសម្តែងរូបនេះធ្លាប់ចេញមុខច្រានចោល និងអះអាងថាលោកមានគូស្នេហ៍រួចហើយជាកូនស្រីអ្នកជំនួញនិងមិនមែនជាអ្នកសិល្បៈនោះទេ ប៉ុន្តែពេលនេះស្នេហានេះបានដើរដល់ផ្លូវទាល់មិនអាចវិលវិញបានឡើយ៕
ដោយ វឌ្ឍនា