លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅសាលាបឋមសិក្សាស្វាយជ្រំស្នើក្រសួងអប់រំយុវជននិងកីឡា សុំអគារពីរខ្នងបន្ថែមខណៈដែលសិស្សមានការកើនឡើង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅសាលាបឋមសិក្សាស្វាយជ្រំដែលជាសាលាគំរូមួយខាងបរិស្ថានស្អាតស្ថិតនៅក្នុងភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានធ្វើការអំពាវនាវស្នើសុំក្រសួងអប់រំយុវជននិងកីឡានូវអគារសាលារៀនពីរខ្នងបន្ថែមទៀតខណៈដែលអគារមួយខ្នងកំពុងតែមានសភាពទ្រុឌទ្រោមខ្លាំងនិងដោយសារតែកំណើនរបស់សិស្សកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដែលនាំឲ្យមានការខ្វះអគារសិក្សា។ម្យ៉ាងទៀតក៏សូមស្នើដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងមេត្តាជួយបន្ថែមគ្រូបង្រៀនក្របខ័ណ្ឌឲ្យបានគ្រប់គ្រាន់ថែមទៀត ព្រោះសាលាកំពុងខ្វះគ្រូបង្រៀនជាច្រើននាក់ផងដែរ។

ការអំពាវនាវរបស់លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅសាលាបឋមសិក្សាស្វាយជ្រំនេះបានធ្វើឡើងនៅថ្ងៃទី១៣ខែមករាឆ្នាំ២០២១នេះ។

លោកគ្រូចាន់ សំអន មានវ័យ៤២ឆ្នាំ ជានាយកសាលាបឋមសិក្សាស្វាយជ្រំបានឲ្យដឹងថា លោកបានមកធ្វើជានាយកសាលាបឋមសិក្សាស្វាយជ្រំនេះតាំងពីឆ្នា២០១៣មកម្ល៉េះគឺបានរយៈពេល៨ឆ្នាំហើយ។សាលានេះបង្កើតឡើងនៅឆ្នាំ ១៩៥៣ ដែលមានឈ្មោះដើមថាសាលាបឋមសិក្សាដុក ផង់។ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩សាលាបឋមសិក្សាដុក ផង់បានប្ដូរឈ្មោះមកជាសាលាបឋមសិក្សាស្វាយជ្រំវិញ។បច្ចុប្បន្នសាលាបឋមសិក្សាស្វាយជ្រំមានអគារសិក្សា៦ខ្នងស្មើនឹង ២៦បន្ទប់ មានសិស្សសរុប១០០១នាក់ស្រី៤៩៦នាក់ មានគ្រូសរុប៣២នាក់ ស្រី ២៥នាក់ដែលចែកចេញជាពីរកម្រិតគឺមត្តេយ្យនិងបឋមនិងមាន២៥ថ្នាក់។

លោកគ្រូបានបញ្ជាក់ថា សព្វថ្ងៃដោយសារកំណើនសិស្សពីមួយឆ្នាំទៅមួយឆ្នាំធ្វើឲ្យសាលាបឋមសិក្សាស្វាយជ្រំខ្វះគ្រូបង្រៀននិងខ្វះអគារសិក្សា។

លោកគ្រូបានបន្តថា ក្នុងឆ្នាំសិក្សា២០១៩-២០២០សាលាបានទទួលពានរង្វាន់ធំៗចំនួន៣ដូចជា៖ទី១.ពានរង្វាន់អមដោយមេដាយមាសជាសាលាមេត្រីបរិស្ថានកម្ពុជាពីក្រសួងបរិស្ថាន។ទី២.ពានរង្វាន់មាសសាលាមេត្រីបរិស្ថានអាស៊ាន ទី៣.ពានរង្វាន់សាលាស្អាតពីសម្ដេចតេជោហ៊ុន សែន ចំណាត់ថ្នាក់លេខ១។

លោកនាយកបានបន្តថា សាលាក៏មានសកម្មភាពមួយចំនួនផ្សេងទៀតដូចជា ការដាំបន្លែ ចិញ្ចឹមត្រី ដាំដើមឈើ ធ្វើជីកំប៉ុស្តសម្រាប់ស្រោចដំណាំ និងប្រមូលសំរាមក្នុងបរិវេណសាលាជាដើម ហើយសកម្មភាពទាំងនេះគឺជាការងាររួមដែលសាលាតម្រូវឲ្យសិស្សចាប់ពីថ្នាក់ទី៤ ដល់ទី៦ត្រូវអនុវត្តជារៀងរាល់ថ្ងៃព្រហស្បតិ៍ ហើយចាត់ទុកជាមេរៀនបំណិនជីវិត។

លោកបានបន្ថែមថា បន្លែដែលដាំដោយសិស្សានុសិស្សនោះ មានដូចជាពោតបារាំង ត្រកួន និងស្ពៃជាដើម លើផ្ទៃដី១០ម៉ែត្រ គុណនឹង៤០ម៉ែត្រ ហើយក៏មានស្រះចិញ្ចឹមត្រីចំនួន៣ផងដែរ។

ដោយសកម្មភាពទាំងនេះគោលបំណងដែលសាលាឲ្យសិស្សធ្វើការងារកសិកម្មនេះ គឺដើម្បីឲ្យក្មេងៗអាចស្វែងយល់ពីសកម្មភាពនៃការរស់នៅប្រចាំថ្ងៃ ចេះដាំដំណាំ និងចូលរួមថែរក្សាបរិស្ថានផងដែរ។ 

សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូអាចបេះបន្លែ និងចាប់ត្រីដែលដាំនិងចិញ្ចឹមនៅក្នុងសាលាទៅបរិភោគបាន ដោយមិនចាំបាច់បង់ថ្លៃនោះទេ។ បន្លែ និងត្រីមួយផ្នែក ត្រូវប្រមូលផលយកទៅលក់នៅផ្សារ ដើម្បីយកលុយមកទិញគ្រាប់ពូជដាំបន្ថែមទៀត៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print