យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា បានខូចខាតយ៉ាងខ្លាំងដោយបុកចំដុំព្រិលរឹងនៅលើផ្លូវបម្រុងហោះហើរ។
តាមសារព័ត៌មានSputnik បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅរសៀលថ្ងៃទី១៣ខែមករា ដោយនៅលើយន្តហោះមានអ្នកដំណើរដល់ទៅ២៣៣នាក់បម្រុងហោះហើរពីអាកាសយានដ្ឋាន Srinagar រដ្ឋJammu និងកាស្មៀរ ទៅកាន់រដ្ឋធានីញូវដេលី។
យន្តហោះដែលជួបគ្រោះថ្នាក់មានលេខហោះហើ 6E-2559 នៅពេលបើកនៅលើផ្លូវបម្រុងហោះក៏បុកចំដុំព្រិលរឹងធ្វើឲ្យអ្នកដំណើរ ជាង២០០នាក់នៅលើយន្តហោះ ព្រលឹងចុងសក់គ្រប់ៗគ្នា ខណៈអ្នកជិះយន្តហោះមានអារម្មណ៍ភ័យខ្លាច ដោយទើបតែមានគ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីស្លាប់ ៦២នាក់។ នៅពេលនេះមិនទាន់មានព័ត៌មានស្តីពីអ្នករបួសនិងខូចខាតនោះឡើយ។
កាលពីដើមខែមករា ស្ថាប័នគ្រប់គ្រងអាកាសយានដ្ឋានឥណ្ឌា បានប្រកាសថា អាកាសយានដ្ឋានSrinagar បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសម្អាតព្រិលមានឈ្មោះថា Beacon ។ ដោយសារតែព្រិលធ្លាក់ក្រាស់ ក្នុងរយៈពេល១សប្តាហ៍កន្លងមក ធ្វើឲ្យជើងហោះហើរនានាទាំងទៅនិងមកនៅអាកាសយានដ្ឋានអន្តរជាតិ Srinagar ត្រូវផ្អាកដោយខ្លាចជួបគ្រោះថ្នាក់ ។
នៅពេលនេះតំបន់ភាគខាងជើងប្រទេសឥណ្ឌា ក្នុងនោះមានតំបន់ចាម៉ូ និងកាស្មៀ ប្រឈមនិឹងអាកសធាតុត្រជាក់យ៉ាងខ្លាំង និងមានព្រិលធ្លាក់យ៉ាងក្រាស់ ធ្វើឲ្យចរាចរណ៍នានាត្រូវផ្អាក ៕
រូបថត៖Twitter