អន្តរជាតិ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ អាជ្ញាធរសុខាភិបាលចិន បានរាយការណ៍ពីការស្លាប់ដោយសារកូវីដ-១៩ មួយករណី ដែលនេះជាករណីស្លាប់ក្នុងរយៈពេល៨ខែចុងក្រោយ។ ករណីស្លាប់នេះ កើតឡើងស្របពេលចិន មានករណីឆ្លងហក់ឡើងដល់កំណត់ត្រាថ្មីផងដែរ។
ជាក់ស្តែងអាជ្ញាធរសុខាភិបាល នៅថ្ងៃទី១៣ ខែមករាម្សិលមិញនេះ បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ១៣៨ករណី ដោយ ១២៤ករណី គឺជាករណីឆ្លងក្នុងស្រុក។ នេះជាតួលេខឆ្លងប្រចាំថ្ងៃដ៏ច្រើនគិតតាំងពីខែមីនា ឆ្នាំ២០២០ មក។ ជាមួយគ្នា ចិនក៏កត់ត្រាករណីស្លាប់លើកដំបូងក្នុងពេល៨ខែមកផងដែរ ដោយករណីស្លាប់មាននៅខេត្តហឺប៉ី ជាប់រដ្ឋធានីប៉េកាំង ដែលជាទីតាំងផ្ទុះករណណីឆ្លងថ្មី។ ករណីនេះ មិនត្រូវបានអាជ្ញាធរ បញ្ជាក់ពីព័ត៌មានលំអិតអ្វីឡើយ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ថា តួលេខសរុបរបស់ចិន មានចំនួន ៨៧៨៤៤ករណី អ្នកស្លាប់មានចំនួន ៤៦៣៥នាក់។ចំណែកអ្នកជាសះស្បើយមានចំនួន ៨២៣២៤នាក់។
សូមជម្រាបថា ក្រុងវូហាន ប្រទេសចិន គឺជាកន្លែងដែលផ្ទុះកូវីដ-១៩ មុនដំបូងគេ។ បន្ទាប់ពីមានករណីឆ្លងផ្ទុះបែបនេះ រដ្ឋាភិបាលចិន បានចាត់វិធានការបិទក្រុង ផ្អាកមធ្យោបាយដឹកជញ្ជូន បិទហាងទំនិញមិនចាំបាច់ និងវិធានការផ្សេងទៀតជាដើម។ ដោយសារវិធានការទាំងនោះចិនបានធ្វើឲ្យករណីឆ្លងកូវីដ-១៩ ជាច្រើនពាន់ករណី ធ្លាក់មកស្ថិតក្រោមការគ្រប់គ្រង។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ករណីឆ្លងកូវីដ-១៩ នៅចិន បានងើបឡើងវិញ។
អាជ្ញាធរចិន កាលពីសប្តាហ៍មុន បានធ្វើតេស្តទ្រង់ទ្រាយធំ បិទប្រព័ន្ធដឹកជញ្ជូន និងហាងលក់ទំនិញជាច្រើន ក្នុងក្រុងស៊ីចាឆ័ង ដែលជាទីក្រុងធំជាងគេក្នុងខេត្តហឺប៉ី ហើយនេះជាផ្នែកមួយនៃវិធានទប់ស្កាត់ការរាតត្បាតកូវីដ-១៩។ បន្ទាប់ពីក្រុងស៊ីងថាយ និងឡាងហ្វាង របស់ខេត្តមួយនេះ ក៏ត្រូវបានបិទដែរ។ ចំណែកខេត្តហីឡុងជាំង នៅភាគឦសានវិញ ស្ថិតក្រោមការប្រកាសអាសន្នផងដែរ បន្ទាប់ពីករណីឆ្លងកើនឡើង។ខណៈប្រជាជនក្នុងខេត្តនេះ មិនត្រូវបានអនុញ្ញាតឲ្យចេញពីខេត្តឡើយ។
ដោយឡែកចំពោះករណីឆ្លងផ្ទុះឡើងនៅប្រទេសចិន ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ត្រូវទៅដល់ក្រុងវូហាននៅថ្ងៃទី១៤ ខែមករានេះដែរ ដើម្បីស៊ើបអង្កេតពីដើមកំណើតនៃកូរ៉ូណាវីរុស។ អ្នកជំនាញចំនួន១០រូប ដែលដឹកនាំដោយលោក Peter Ben Embarek អ្នកវិទ្យាសាស្ត្ររបស់ WHO ត្រូវដាក់ចត្តាឡីស័ករយៈពេល ១៤ថ្ងៃ មុនបើកការស៊ើបអង្កេត។
បើតាមអ្នកវិទ្យាសាស្ត្រជនជាតិវៀតណាមម្នាក់ ដែលស្ថិតក្នុងក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិទៅវូហាននោះដែរ លោក Hung Nguyen បានបញ្ជាក់ថា អ្នកជំនាញនឹងប្រើប្រាស់ពេលវេលា រយៈពេល ១៤ថ្ងៃ ដើម្បីសម្ភាសប្រភពជាច្រើននៅវិទ្យាស្ថានស្រាវជ្រាវ, មន្ទីរពេទ្យ និងអ្នកលក់ដូរក្នុងផ្សារលក់គ្រឿងសមុទ្រ ក្នុងក្រុងវូហានដែលត្រូវបានសន្មត់ថា ជាប្រភពចម្លងមុនគេ។ បេសកកម្មនេះ អាចផ្តោតតែនៅក្នុងក្រុងវូហានមួយប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ជុំវិញបញ្ហានេះដែរ អាមេរិក កន្លងទៅ បានអំពាវនាវឲ្យអង្គការសុខភាពពិភពលោក ស៊ើបអង្កេតលើដើមកំណើតកូរ៉ូណាវីរុស នៅក្នុងប្រទេសចិនឲ្យមានតម្លាភាព បន្ទាប់ពីចោទអង្គការអន្តរជាតិមួយនេះលម្អៀងទៅរកចិន៕ដោយ៖ស តារា
រូបថត Xinhua